មធ្យមសិក្សាចំណេះទូទៅ

កំឡុង​ឆ្នាំ​ ២០០៩-២០១៣ ​សកម្មភាព​គោលនយោបាយ​មួយចំនួន​ត្រូវ​បាន​រៀបចំ​ដូចជា​ ផែនការ​គោល​ស្តីពី​ការអភិវឌ្ឍ​មធ្យមសិក្សា​ និង​សៀវភៅ​ប្រតិបត្តិ​សម្រាប់​ដំណើរការ​មជ្ឈមណ្ឌល​ធនធាន​សម្រាប់​មធ្យម​ សិក្សា​ គោលនយោបាយ​ស្តីពី​សាលា​កុមារ​មេត្រី​នៅ​មធ្យម​សិក្សា​ និង​ការ​កែលម្អ​កម្មវិធីសិក្សា​។​ប្រព័ន្ធ​វិក្រឹតការ​គ្រូបង្រៀន​ លើមុខវិជ្ជា​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ​ត្រូវ​បាន​រៀបចំ​។ ​កម្មវិធី​បំណិន​ជីវិត​បច្ចេកវិទ្យា​ ព័ត៌មាន​ និង​ទេសចរណ៍​ត្រូវ​បាន​អនុម័ត​ និង​ស្តង់ដារ​បណ្ណាល័យ​នៅ​មធ្យមសិក្សា​កំពុង​រៀបចំ​ជា​សេចក្តី​ព្រាង។ ការចូលរៀន ​និង​គុណភាព​នៅ​កម្រិត​នេះ​មាន​ការប្រែប្រួល​តិចតួច​។ ​អត្រា​ត្រួត​ថ្នាក់​បាន​ថយចុះ​ តិចតួច ​ប៉ុន្តែ​អត្រា​បោះបង់​ការសិក្សា​មិនមាន​ប្រែប្រួលទេ​។ ​សិស្ស​ភាគច្រើ​នបាន​ជ្រើសរើស​យក​មុខវិជ្ជា​ វិទ្យាសាស្ត្រ​ពិត​។ ​ទោះយ៉ាងណា​ក៏ដោយ​ គុណភាព​នៅ​កម្រិត​នេះ​មិន​ទាន់​អាច​វាស់វែង​បាន​នៅ​ឡើយ​ ដោយសារ​ពុំទាន់​បាន​ធ្វើ​តេស្ត​វាយ​តម្លៃ​ថ្នាក់​ជាតិ​នៅ​ថ្នាក់ទី ១២​។ ​អាហារូបករណ៍​បាន​ផ្តល់​ជា​រៀងរាល់​ឆ្នាំ​។ សិស្ស​បាន​ទទួល​មេដាយ​លើ​មុខវិជ្ជា​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ ​ពី​កម្មវិធី​ប្រកួត​ស៊ីមេ​អូអូឡាំព្យាដ​ និង​កម្មវិធី​ប្រកួត​អន្តរជាតិ​ផ្សេងៗ​ទៀត​។ ប្រព័ន្ធ​វាយតម្លៃ​ ថ្នាក់ជាតិ​ត្រូវ​បាន​ដាក់ឱ្យ​អនុវត្ត​និង​មាន​ថវិកា​សម្រាប់​ដំណើរការ​។ ការប្រឡង​ថ្នាក់ជាតិ​នៅ​ថ្នាក់​ទី​ ៩ ​និង​ទី ​១២​ ត្រូវ​បាន​អនុវត្ត​ជា​ទៀងទាត់​។ ចំនួន​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​បាន​កើនឡើង​។ ​សាលា​មធ្យម​សិក្សា​បឋមភូមិ​ ៥០ ​ភាគរយ​ ​បាន​អភិវឌ្ឍ​ទៅ​ជា​សាលា​មធ្យម​សិក្សា​ទុតិយភូមិ​។ ​មជ្ឈមណ្ឌល​ធនធាន​នៅ​មធ្យម​សិក្សា​ត្រូវ​បាន​ក៏សាង​នៅ​គ្រប់​រាជធានី ​ខេត្ត​។ ​សាលា​មធ្យម​សិក្សា​បឋម​ភូមិ​ចំនួន​ ១៤១ ​ក្នុង​ខេត្ត​ ៨​ មាន​បន្ទប់​កុំព្យូទ័រ​។ ប្រព័ន្ធ​នៃ​ការបណ្តុះបណ្តាល​និង​វិក្រឹតការ​គ្រូបង្រៀន​ ជាពិសេស​គ្រូបង្រៀន​កម្រិត​អប់រំមូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ និង​វិទ្យាស្ថាន​ជាតិ​អប់រំ​កំពុង​ត្រូវ​បាន​ពង្រីក​។ ការងារ​វិក្រឹតការ​លើ​មុខវិជ្ជា​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ ​ក៏​កំពុង​ពង្រីក​ផងដែរ​។ ​នាយក​សាលា​មធ្យម​សិក្សា​ទុតិយភូមិ​ទាំងអស់​ និង​នាយក​សាលា​មធ្យម​សិក្សា​បឋម​ភូមិ​មួយ​ចំនួន​បាន​ទទួល​ការ​បំប៉ន​ស្តីពី​ ការគ្រប់គ្រង​និង​ដឹកនាំ​។ ប្រធាន​ក្រុម​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ធនធាន​នៅ​មធ្យម​សិក្សា​និង​បណ្តាញ​ ទាំងអស់​បាន​ទទួល​ការបំប៉ន​ ស្តីពី​ស្តង់ដារ​កម្មវិធីសិក្សា​។ គោលនយោបាយសាលាកុមារមេត្រីត្រូវបានអនុវត្តនៅសាលាចំនួន ៨២៣ (៥០,៧៤ ភាគរយ​នៃ​សាលា​មធ្យម​សិក្សា​បឋមភូមិ​)។ បញ្ហា​ប្រឈម​ពេល​ខាងមុខ​គឺ​ ការបង្កើន​សមធម៌​ក្នុងការ​ចូលរៀន​នៅ​មធ្យមសិក្សា​ តាមរយៈ​បង្កើន​ចំនួន​សាលា​មធ្យម​សិក្សា​បឋម​ភូមិ​ឱ្យបាន​គ្រប់ឃុំ​ សង្កាត់​និងវិទ្យាល័យ​នៅ​គ្រប់ស្រុក​ ខណ្ឌ​។ គុណភាព​របស់​សិស្ស​បញ្ចប់​ថ្នាក់ទី ​១២​ ត្រូវ​លើក​កម្ពស់​ និង​ផ្តល់​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​ដទៃទៀត​ សម្រាប់​ការអប់រំ​បច្ចេកទេស​ វិជ្ជាជីវៈ ​និង​ឧត្តមសិក្សា​។ ​សាលា​មធ្យម​សិក្សា​ភាគច្រើន​ ជាពិសេស​នៅ​តំបន់​ជនបទ​ខ្វះខាត​ធាតុ​ចូល​ដែល​មានគុណភាព​ដូចជា​ គ្រូបង្រៀន​តាមមុខវិជ្ជា ​សម្ភារៈ​បង្រៀន​និង​គ្រឿង​បរិក្ខារ​ សៀវភៅ​សិក្សាគោល​ បន្ទប់ពិសោធ​វិទ្យាសាស្ត្រ​ បន្ទប់​កុំព្យូទ័រ​និង​ភាសា​ និង​បរិក្ខារ​បណ្ណាល័យ​។ វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ក្នុង​ពេលបច្ចុប្បន្ន​អនុវត្ត​តាមរបៀប​ ជាមេរៀន​ ចម្លង​តាម​ ដកស្រង់​ និង​ការចងចាំ​។​ វិធីសាស្ត្រ​ទាំងនេះ​គួរ​ត្រូវ​បញ្ចូល​នូវ​ការគិត​ និង​ជំនាញវិភាគ​។ ​ស្តង់ដារ​គ្រូបង្រៀន​គួរ​ត្រូវ​ពិនិត្យ​តាមដាន វាយតម្លៃ​ និង​អភិវឌ្ឍ​ជាប្រចាំ​។ ការអប់រំ​បច្ចេកទេស​ជា​មុខងារ​ថ្មី​មួយ​ក្នុង​ ក្រសួង​ និង​ទើបតែ​បាន​អនុម័ត​គោលនយោបាយ​ស្តីពី​ ការអប់រំ​បច្ចេកទេស​។ ​ក្នុង​គោលនយោបាយ​នេះ​បាន​លើក​ឡើង​ពី ​ការបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​ បច្ចេកទេស​នៅ​គ្រប់​រាជធានី ​ខេត្ត​។ នាពេលបច្ចុប្បន្ន​ សាលា​មធ្យម​សិក្សា​ចំណេះទូទៅ​និង​បច្ចេកទេស​ចំនួនពីរ​កំពុង​ដំណើរការ ​និង​ផ្តល់​នូវ​មុខវិជ្ជា​សំខាន់​បួន​។​ សិស្ស​ដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​ទាំងនេះ​ អាច​រកការងារ​បាន​។ កម្មវិធី ​អប់រំ​បច្ចេកទេស​ដែល​កំពុង​អនុវត្ត​នាពេលបច្ចុប្បន្ន ​មាន​កង្វះខាត​ទាំង​ក្របខណ្ឌ​គុណភាព​ដ៏រឹងមាំ​ និង​ធាតុ​ចូល​ដែល​មានគុណភាព​។ ប្រព័ន្ធ​ទទួលស្គាល់​និង​ប្រព័ន្ធធានាគុណភាព​សាលារៀន​មិន​ទាន់​បាន​បង្កើត​ ព្រម​ទាំង​ទំនាក់ទំនង​រវាង​ប្រព័ន្ធអប់រំ​និង​ទីផ្សារ​ការងារ​នៅ​មានកម្រិត​ ។ ​ប្រព័ន្ធ​គ្រប់គ្រង រដ្ឋបាល​និង​ហិរញ្ញវត្ថុ​សាលារៀន​មិន​ទាន់​បង្កើត​។ ការងារ​អប់រំ​បច្ចេកទេស​ត្រូវ​ដកបទពិសោធ​ពីប្រទេស​ដទៃ​។ ដៃគូ​អភិវឌ្ឍ​ជាច្រើន​បាន​ចាប់អារម្មណ៍​គាំទ្រ​ដល់​កម្មវិធីនេះ​។