ក្នុងអំឡុងឆ្នាំ ២០០៩-២០១៣ ការអប់រំនៅឧត្តមសិក្សា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដូចជាការចូលរៀនរបស់និសិ្សតកើនឡើងដល់ ២០៧០០០ នាក់ និងនិស្សិតទទួលអាហារូបករណ៍មាន ៤២០០ នាក់ ព្រមទាំងការកើនឡើងនៃចំនួនគ្រឹះស្ថានឧត្តមសិក្សា ដែលសម្រេចបានតាមបទដ្ឋាននៃការទទួលស្គាល់។ អគ្គនាយកដ្ឋានឧត្តមសិក្សានិងគ្រឹះស្ថានឧត្តមសិក្សាបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការងារក៏សាងផែនការនិងពិនិត្យតាមដាន ការគ្រប់គ្រងមូលនិធិស្រាវជ្រាវ និងអាហារូបករណ៍ និងមានលទ្ធភាពទាញយកមូលធិនិកាន់តែច្រើនដើម្បីធ្វើការពង្រីកកម្មវិធី។ គណៈកម្មការទទួលស្គាល់គុណភាពអប់រំ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងនិងដំណើរការប្រព័ន្ធទទួលស្គាល់គុណភាព។ វប្បធម៌នៃការស្រាវជ្រាបានចាប់ផ្តើមផុសឡើង តាមរយៈការអនុវត្ដកម្មវិធីផ្តល់មូលនិធិស្រាវជ្រាវ និងមានកិច្ចសហប្រតិបត្តិការក្នុងតំបន់រឹងមាំ កិច្ចសហការ និងសកម្មភាពបានអនុវត្តរួមគ្នា។ សកម្មភាពគោលនយោបាយសំខាន់ៗមួយចំនួនដែលត្រូវបានអនុវត្តដូចជា ការអនុម័តផែនការគោលស្តីពីការស្រាវជ្រាវ ព្រះរាជក្រឹត្យស្តីពីចំណាត់ថ្នាក់សាស្រ្តាចារ្យ និងការរៀបចំទស្សនៈវិស័យឆ្នាំ២០៣០។ការបង្កើតក្រុមការងារបច្ចេកទេស ឧត្ដមសិក្សា ជាដំណាក់កាលសំខាន់មួយ ក្នុងការបង្កើតវេទិកាមួយសម្រាប់ការជជែកនិងពិភាក្សាអំពីបញ្ហានៅកម្រិតឧត្តមសិក្សា ។
បញ្ហាប្រឈមចម្បងសម្រាប់ឆ្នាំខាងមុខនេះគឺ ការដោះស្រាយពីភាពខុសគ្នារវាងតម្រូវការទីផ្សារការងារ ជាពិសេសជំនាញ សមត្ថភាពក្នុងការគិតពិចារណា ចំណេះដឹង ជាមួយនិងទីផ្សារការងារនាពេល បច្ចុប្បន្ន។ កត្តានេះទាមទារឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីទីផ្សារការងារ ការសម្របសម្រួលល្អប្រសើរជាងមុន និងមានតំណភ្ជាប់ជាមួយនឹងវិស័យឧស្សាហកម្ម និងព័ត៌មានកាន់តែប្រសើរឡើងសម្រាប់និស្សិត ដូច្នេះពួកគេអាចជ្រើសរើសវគ្គសិក្សាដែលសមស្រប។ ដើម្បីរក្សាបាននូវកម្មវិធីដែលមានគុណភាពខ្ពស់ដែលអាចទទួលស្គាល់ជាអន្តរជាតិ ការកំណត់តម្លៃមួយដែលមានកម្រិតសមរម្យ ក៏ជាបញ្ហាប្រឈមមួយផងដែរ។ ការបង្កើនកិច្ចខិតខំប្រឹងប្រែងនិងការផ្តល់ធនធានបន្ថែមជាកត្តាចាំបាច់ ដើម្បីធានាថាសិស្សដែលមានទេពកោសល្យ និងមកពីក្រុមជួបការលំបាកនឹងអាចចូលសិក្សានៅឧត្តមសិក្សា តាមរយៈកម្មវិធីអាហារូបករណ៍ ឬ គម្រោងប្រាក់កម្ចីសិក្សា។
រាជរដ្ឋាភិបាលបានទទួលសា្គល់ពីសារៈសំខាន់នៃការផ្តល់ឱកាស ក្នុងការសិក្សានៅឧត្តមសិក្សា និងអំពីសារៈសំខាន់ក្នុងការធានាគុណភាពនិងភាពឆ្លើយតប ។ ការធ្វើសមាហរណកម្មអាស៊ាននឹងផ្តល់ជាឱកាសសម្រាប់ការសហការរវាងស្ថាប័ន ការស្រាវជ្រាវរួមគ្នា និងការកំណត់ស្តង់ដារគុណភាព។