អប់រំក្រៅប្រព័ន្ធ

ក្នុង​កំឡុង​ឆ្នាំ ​២០០៩-២០១៣​ អនុវិស័យ​អប់រំ​ក្រៅប្រព័ន្ធ​មាន​ការរីកចម្រើន ​ជាពិសេស​អត្រា​អក្ខរកម្ម​យុវជន​អាយុ ​១៥-២៤ ​កើនដល់ ​៩១,៥ ​ភាគរយ​ នៅ​ឆ្នាំ​ ២០១១​។ ចំនួន​ថ្នាក់​អក្ខរកម្ម​បាន​ថយចុះ​ពី ​២១៤១​ ថ្នាក់​នៅ​ឆ្នាំ ​២០០៩ ​មកត្រឹម ​១៥០០​ ថ្នាក់​នៅ​ឆ្នាំ​ ២០១១​ (ថយចុះ ​៣០ ​ភាគរយ​)។ ​ចំនួនអ្នក​សិក្សា​បាន​ថយចុះ​ពី ​៥២០៧៨ ​នាក់​មកត្រឹម ​៣៤៩៦៤​ នាក់​ (ថយចុះ​ ៣២ ភាគរយ​)។​ បរិមាណនេះ​ស្មើនឹង​ ២,៨ ​ភាគរយ​នៃ​អនក្ខរជន ​នៅឆ្នាំ ​២០១១​។​ ចំនួន​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​បាន​កើន​ពី​ ១៥៤​ កន្លែង​ក្នុង​ឆ្នាំ​ ២០០៩​ ដល់​ ៣២១ ​កន្លែង​ក្នុង​ឆ្នាំ​ ២០១២​ ។ ចំនួន​ថ្នាក់ ​បណ្តុះបណ្តាល​ជំនាញ​បាន​កើន​ឡើង​ពី ​១៥៤ ​ថ្នាក់​ទៅ​ដល់ ​៦៦៧​ ថ្នាក់​ ក្នុង​នោះ​ជំនាញ​សិប្បកម្ម ​៣៥,៨​ ភាគរយ​ ជំនាញ​អ៊ុតសក់​និង​តុបតែង​ ១៩,៥​ ភាគរយ​ ភ្លេង​និង​របាំ ​១៥,១​ ភាគរយ ​ជំនាញ​ម៉ាស៊ីន ​១២,៧​ ​ភាគរយ​ និង​ជំនាញ​ដទៃទៀត​។ ចំនួន​សិស្ស​ក្នុង​កម្មវិធី​ចូលរៀន​ឡើងវិញ​បាន​ថយចុះ​ពី ​២៦១៧៦​ នាក់​ ​មក​ត្រឹម ​២១៣៦៦ ​នាក់​ ទាបជាង​ចំណុច​ដៅ​របស់​ ផែនការ​យុទ្ធសាស្ត្រ​វិស័យអប់រំ ​២២០០០​ នាក់​។ ក្របខ័ណ្ឌ​ស្ថាប័ន​និង​គោលនយោបាយ​ត្រូវបាន​ពង្រឹង​ តាមរយៈ​ ការពិនិត្យ​ឡើងវិញ​គោលនយោបាយ​អប់រំ​ក្រៅប្រព័ន្ធ​ ការបង្កើត​អនុក្រុម​ការងារ​អប់រំ​ក្រៅប្រព័ន្ធ​និង​មានភារកិច្ច​ច្បាស់លាស់​ ការវាយតម្លៃ​សមត្ថភាព​អប់រំ​ក្រៅប្រព័ន្ធ​និង​ការកសាង​ផែនទី​ ក៏ដូចជា​ការពិនិត្យ​ឡើងវិញ​កម្មវិធី​ចូលរៀន​ ឡើងវិញ​និង​ការ​រៀបចំ​សេចក្តី​ណែនាំ​ស្តីពី​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ​ក្រៅប្រព័ន្ធ​និង​កម្មវិធី​សមមូល​។