សំណួរ​ដែល​ត្រូវ​បាន​​សួរ​ញឹកញាប់​សម្រាប់​ការ​ប្រឡង​​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៥ ធ្នូ ២០២២



ការ​ប្រឡង​គឺជា​ការវិនិច្ឆ័យ​លើ​កម្រិត​សមត្ថភាព ចំណេះដឹង​របស់​បេក្ខជន​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ​២០២២ គឺ ៖ ០៥ ​ធ្នូ ២០២២។

ក្រសួង​បន្ត​ប្រមូល​ផ្ដុំ​មណ្ឌល​ប្រឡង​នៅ​​រាជធានី និង​ទី​​រួម​​ខេត្ត ដោយ​យក​គ្រឹះស្ថាន​សិក្សា​គ្រប់​ប្រភេទ ​ចាប់​ពី​បឋមសិក្សា​ឡើង​ទៅ ទាំង​សាធារណៈ និង​​ឯកជន​ធ្វើ​ជា​មណ្ឌល​ប្រឡង។ ក្នុង​ករណី​ខេត្ត​ណា​មិន​អាច​អនុវត្ត​បាន ត្រូវ​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ស្រុក​ដែល​នៅ​ជិត​ទី​រួម ​ខេត្ត​ជាង​គេ​ ។

    មណ្ឌល​ប្រឡង​ ​ត្រូវ​បាន​រៀបចំ​៖
  • រៀបចំ​ដាច់​ដោយឡែក​ពី​គ្នា​រវាង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ និង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម
  • នៅ​ក្នុង​គ្រឹះស្ថានសិក្សា​មួយ​អាច​យក​ធ្វើ​ជា​ពីរ​មណ្ឌល​ប្រឡង
  • រៀបចំ​បេក្ខជន​ក្នុង​បន្ទប់​ចំនួន​២៥​នាក់ និង​ក្នុង​មួយ​មណ្ឌល​ពី​២០​បន្ទប់​ទៅ​ ២៥​បន្ទប់ លើក​លែង​តែ​ខេត្ត​ដែល​មាន​ចំនួន​​បេក្ខជន​ច្រើន​ និង​ខេត្ត​ដែល​មាន​ចំនួន​បេក្ខជន​តិច​អាច​ប្រែប្រួល​តាម​ស្ថានភាព​ជាក់ស្ដែង
  • រៀបចំ​បន្ទប់​​បម្រុងសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព។
    បញ្ជី​ឈ្មោះ​បេក្ខជន​តាម​មណ្ឌល​ប្រឡង​នីមួយៗ ត្រូវ​បាន​​រៀបចំ​មាន​ពីរ​ករណី ៖
  • ក. រាជធានី​ភ្នំពេញ ៖ ​ឈ្មោះ​បេក្ខជន​​​​ត្រូវ​បាន​ច្រឡូក​តាម​​តំបន់ និង​តាម​អក្ខរក្រម​នាម​ត្រកូល ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​បេក្ខជន។
  • ខ. បណ្ដា​ខេត្ត ៖ ឈ្មោះ​បេក្ខជន​ត្រូវ​បាន​​ច្រឡូក​ទូទាំង​ខេត្ត​ ​តាម​អក្ខរក្រម​នាម​ត្រកូល​។

បញ្ជី​ឈ្មោះ​បេក្ខជន​តាម​លំដាប់​អក្ខរក្រម​នាម​ត្រកូល តាម​មណ្ឌល​ប្រឡង នឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ លើ​ទំព័រ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង (facebook.com/moeys.gov.kh) ក្នុងពេលមួយ​សប្ដាហ៍​មុន​សម័យ​ប្រឡង។

បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ​ លេខ​បន្ទប់​ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង​ នឹង​បិទ​ផ្សព្វផ្សាយ​តាម​មណ្ឌល​ប្រឡង​ចាប់​ពី​ម៉ោង ​៩:០០ព្រឹក ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២២​។

    ​វិញ្ញាសា​ប្រឡង​មាន ៧មុខវិជ្ជា និង​មាន២ទម្រង់ គឺ​ទម្រង់​ចែក​ជូន​បេក្ខជន និង​ទម្រង់​កត់​លើ​ក្ដារ​ខៀន
  • ថ្នាក់​វិទ្យាសាស្ត្រ ៖ គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រខ្មែរ ភាសាបរទេស និង​គណិតវិទ្យា
  • ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​វិជ្ជា ផែន​ដី និង​បរិស្ថាន​វិទ្យា គណិតវិទ្យា ភាសាបរទេស និង​អក្សរសាស្ត្រ​ខ្មែរ។

សម្ភារៈ​អនុញ្ញាត​ឱ្យ​យក​ចូល​​ក្នុង​បន្ទប់​ប្រឡង​​មាន​ដូច​ជា៖ ម៉ាស់ ជែល​លាងដៃ ឬ​អាល់កុល ប៊ិច​ពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន និង​រ៉ាបព័រទ័រ។

វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ
១. គីមីវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
២. ជីវវិទ្យា  រយៈពេល ៩០ នាទី  ពិន្ទុ ០ ដល់ ៧៥ 
៣. រូបវិទ្យា  រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
៤. ប្រវត្តិវិទ្យា  រយៈពេល ៦០ នាទី   ពិន្ទុ ០ ដល់ ៥០  
៥. អក្សរសាស្ត្រ​ខ្មែរ  រយៈពេល ៩០ នាទី  ពិន្ទុ ០ ដល់ ៧៥ 
៦. ភាសាបរទេស  រយៈពេល ៦០ នាទី   ពិន្ទុ ០ ដល់ ៥០  
៧. គណិតវិទ្យា  រយៈពេល ១៥០ នាទី  ពិន្ទុ ០ ដល់ ១២៥ 
វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម
១. ភូមិវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
២. ប្រវត្តិវិទ្យា  រយៈពេល ៩០ នាទី  ពិន្ទុ ០ ដល់ ៧៥ 
៣. សីលធម៌-ពលរដ្ឋ​វិជ្ជា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
៤. ផែន​ដី និង​បរិស្ថាន​វិទ្យា រយៈពេល ៦០ នាទី   ពិន្ទុ ០ ដល់ ៥០  
៥. គណិតវិទ្យា  រយៈពេល ៩០ នាទី  ពិន្ទុ ០ ដល់ ៧៥ 
៦. ភាសាបរទេស  រយៈពេល ៦០ នាទី   ពិន្ទុ ០ ដល់ ៥០  
៧. អក្សរសាស្ត្រ​ខ្មែរ  រយៈពេល ១៥០ នាទី  ពិន្ទុ ០ ដល់ ១២៥ 

ដោយ​ឡែក​មុខវិជ្ជា​​ភាសា​បរទេស​ដែល​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ត្រូវ​យក​ពិន្ទុ​ដែល​សិស្ស​ធ្វើ​បាន​ដក​នឹង ២៥ ។

របប​ពិន្ទុ​ប្រឡង​អតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​ដោយ​មុខ​វិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យក​ត្រឹម ២៣៧ពិន្ទុ ជាប់។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដី​ណែនាំ​លេខ២២ អយក.សណន ចុះថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២២)

    បេក្ខជន​ត្រូវ​យក​មក​ជា​មួយ​នូវ៖
  • ប័ណ្ណ​សម្គាល់​ខ្លួន សម្រាប់​បេក្ខជន​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា
  • សលាកបត្រ​ឯកត្តជន​សម្រាប់​បេក្ខជនស្វៃរិន​ចំណេះ​ទូទៅ និង​ស្វៃរិន​បំពេញ​វិជ្ជា។
  • មុន​កាល​បរិច្ឆេទ​ប្រឡង បេក្ខជន​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា ត្រូវ​ទាក់ទង​​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ រីឯ​បេក្ខជន​ស្វៃរិន ត្រូវ​ទាក់ទង​ជា​មួយ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា ឱ្យ​បាន​ឆាប់​បំផុត​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​​សម្គាល់​​ខ្លួន សលាកបត្រ​ឯកត្តជន​ថ្មី ឬ​លិខិត​បញ្ជាក់។
  • ក្នុង​​ពេល​ដំណើរការ​សំណេរ បេក្ខជន​ត្រូវ​ទាក់ទង​ប្រធាន​មណ្ឌល​ដើម្បី​ស្នើ​សុំ​​លិខិត​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង។

បេក្ខជន​​មិន​អាច​​ប្រើ​ម៉ាស៊ីន​គិតលេខ​ក្នុង​ពេល​ប្រឡង​បានទេ។ ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​​ទាំងអស់​។ ការ​រៀប​ចំ​​វិញ្ញាសា​នីមួយៗ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​ទៅ​តាមពេលវេលា​ដែល​បាន​កំណត់។ ម៉ាស៊ីន​គិត​លេខ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់ មាន​មុខងារ​ប្រើប្រាស់ តិច ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំ​មាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ការ​គិត​លេខ​ដោយ​ខួរក្បាល​នឹង​បង្កើន​ភាព​រួស​រវើក​​ធ្វើ​ឱ្យ​មាន​ការ​ចងចាំ​បាន​ល្អ។

ក្រសួង​បន្ត​ប្រគល់​សិទ្ធិ​អំណាច​ការ​ទទួលខុស​ត្រូវ​ជូន​គ្រូបង្រៀន​ដឹកនាំ​ការ​ប្រឡង​ឆមាស​តាម​ថ្នាក់​ តាម​មុខវិជ្ជា​ដែល​ខ្លួន​បាន​បង្រៀន​ផ្ទាល់ និង​មិន​យក​ពិន្ទុ​ប្រឡង​ឆមាស​ទៅ​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ថ្នាក់​ជាតិ​ទេ ប៉ុន្តែ​យក​ជា​បេក្ខភាព​ប្រឡង។

និទ្ទេស​​មាន ៥​កម្រិត គឺ​និទ្ទេស A, B, C, D និង​ E ។ ការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម ៖
A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩
B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨ 
C : ល្អ​   = ពិន្ទុ​សរុប x ០,៧ 
D : ល្អ​បង្គួរ  = ពិន្ទុ​សរុប x ០,៦ 
E : មធ្យម   = ពិន្ទុ​សរុប x ០,៥ 
F : ក្រោម​មធ្យមភាគ (ធ្លាក់)  
(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដី​ណែនាំ​លេខ២២ អយក.សណន ចុះថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២២)

ចំពោះ​បេក្ខជន​ដែល​ឱ្យ​គេ​ប្រឡង​ជំនួស ត្រូវ​បាន​កំណត់​ឱ្យ​​ធ្លាក់​ស្វ័យប្រវត្តិ និង​ផ្អាក​មិន​ឱ្យ​​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់​។ ដោយ​ឡែក​ បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​ច្បាប់​ជា​ធរមាន។

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង៖​ ០៥ ធ្នូ ២០២២ គ្រោង​នឹង​ប្រកាស​ជូន​ នៅ​ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

    លទ្ធផល​ប្រឡង​នឹង​ត្រូវ​ផ្សព្វផ្សាយ​៖
  • តាម​មណ្ឌល​ប្រឡង​ទាំង​អស់​ទូទាំង​ប្រទេស(លទ្ធផល​ផ្លូវការ)
  • តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង www.facebook.com/moeys.gov.kh
    ដើម្បី​រក្សា​លក្ខខណ្ឌសុខភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារអនាម័យឱ្យបានល្អ បេក្ខជន​ទាំងឡាយ​ត្រូវ​អនុវត្តដូចខាងក្រោម ៖
  • ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង លើកលែងតែពេលផ្ទៀងផ្ទាត់មុ​ខបេក្ខជន ជាមួយសលាកបត្រឯកត្តជន
  • រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
  • ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកឆ្លងវិញ្ញាសា និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ
  • ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្ដ្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាពដូចជា ឡើងកម្តៅ ឬមានរោគសញ្ញាផ្សេងៗ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម
  • បេក្ខជនត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួន ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន សេចក្ដីណែនាំប្រតិបត្តិលេខ ៣៤ អយក.សណន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្ដីពី វិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២)
    ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យ​ក្នុង​ការ​ប្រឡង​ឱ្យ​បាន​ល្អ​បេក្ខជន​ទាំងឡាយ​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង ដូច​មាន​ចែង​ខាងក្រោម ៖
  • ១- ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​ដំណើរការ​ប្រឡង និងត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនបេក្ខជនទូទៅ ចំពោះ បេក្ខជនដេលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងបេក្ខជនដែលមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម… ដើម្បីទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅឯកសារមុនគេ និងដាច់ដោយឡែកពីគេ
  • ២- ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ដោយ​ប្រើ​អាវ​ពណ៌​ស និង​ខោ ឬ​សំពត់​ពណ៌​ខៀវ ដាក់​ក្នុង​ខោ ឬ​សំពត់​ឱ្យ​បាន​ត្រឹមត្រូវ
  • ៣- ត្រូវ​យក​មក​នូវ​ប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ ​មាន​បិទ​រូបថត​ថ្មី​ និង​មាន​ចុះហត្ថលេខា​នាយកនាយិកា​សាលា​ត្រឹមត្រូវ​ច្បាស់លាស់។ ចំពោះ​បេក្ខជន​ស្វៃរិន​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ត្រូវ​យក​មក​នូវ​សលាកបត្រ​ឯកត្តជន ឬប័ណ្ណសម្គាល់ខ្លួនជាសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ។
  • ៤- ត្រូវ​យក​ចូល​ក្នុង​បន្ទប់​ប្រឡង​នូវ​សម្ភារៈ​ប្រើប្រាស់ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឱ្យ​ប្រើ៖ ប៊ិកពណ៌​ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ ម៉ាស់ ជែល​លាង​ដៃ ឬ​អាល់កុល ។
  • ៥- ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈ​មេ​ប្រយោគ និង​អ្នក​មាន​សមត្ថកិច្ច​ថែ​រក្សា​សណ្ដាប់ធ្នាប់ ​ក្នុង​ការ​ដក​ហូត​សំណៅ​ឯកសារ សម្ភារៈ​ផ្សេងៗ ដែល​ក្រសួង​មិន​អនុញ្ញាត​ឱ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង
  • ៦- ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​អនុរក្ស ដូចជា​អង្គុយ​ចំ​តាម​លេខ​តុ ដែល​អនុរក្ស​បាន​បង្ហាញ ​បំពេញ​លើ​ក្បាល​សន្លឹក​កិច្ចការ ដែល​អនុរក្ស​បាន​ចែក​ឱ្យ ប្រគល់​សន្លឹក​កិច្ចការ​ជូន​អនុរក្ស​វិញ នៅ​ពេល​ដល់​ម៉ោង ​ទោះ​បី​កិច្ចការ​នោះ​បាន​ធ្វើ ឬ​ពុំ​បាន​ធ្វើ​ក៏​ដោយ
  • ៧- ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៃ​ការ​ប្រឡង ​និង​ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង។
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី២ ប្រការ៤ ដែល​បេក្ខជន​ត្រូវ​អនុវត្ត)
    ​ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​សំណេរ​​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ៖
  • ១- មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២
  • ២- មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង
  • ៣- មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​ឯកសារ​គ្រប់​រូបភាព​ចូល​ក្នុង​មណ្ឌល​ប្រឡង
  • ៤- មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិផ្ទុះ ទូរស័ព្ទ​ដៃ ឧបករណ៍ អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​ដៃ​​ដែល​មាន​ប្រដាប់​គិត​លេខ កាតាប កាបូប​យួរ​ដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹក​លុប​ពណ៌ស
  • ៥- មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ
  • ៦- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី អាកប្ប​កិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង ឬ​បង្ក​ជម្លោះ​នៅ​ក្នុង​មណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាម​កំហែង​លើ​បេក្ខជន​ដទៃ
  • ៧- មិន​ត្រូវ​បដិសេធ ប្រឆាំង​តបត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យ​សំដី ដោយ​កាយវិការ ចំពោះ​ការ​ត្រួតពិនិត្យ របស់​អ្នក​មាន​សមត្ថកិច្ច ឬ​មេប្រយោគ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ​រើ​រក​សំណៅ​ឯកសារ និង​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ហាមឃាត់ មិន​ឱ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង
  • ៨- មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​លើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស
  • ៩- មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសា​ចូល​ក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​ឡើយ
  • ១០- មិន​ត្រូវ​ងើប​ឈរ ងាកឆ្វេង-ស្ដាំ អើត​ឈ្ងោក​ទៅ​មុខ បែរ​ទៅ​ក្រោយ ឬ​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស។ មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំងៗ ឮ​ដល់​អ្នក​ជិត​ខាង ឬ​ឆក់​អូសទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ដាក់​ពី​មុខ ឬ​ដាក់​ពី​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ
  • ១១- មិន​ត្រូវ​ប្ដូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវ​ដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន បង្ក​ឱ្យ​អ្នក​ដទៃ​មើល ឬ​អូស​ឆក់​យក​បាន
  • ១២- មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ដើម្បី​ធ្វើ​ឱ្យ​គេ​ស្គាល់​អាគតដ្ឋាន​របស់​ខ្លួន ដូច​ជា​សរសេរ អក្សរ​ប្លែក​ពី​តួអក្សរ​ទាំងអស់​ក្នុង​កិច្ចការ ធ្វើ​សញ្ញា​ផ្សេងៗ ឬ​គូស​បន្ទាត់​ខុស​ប្រក្រតី ឬ​សរសេរ​រំលង​បន្ទាត់​ជា​ដើម
  • ១៣- មិន​ត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន និង​មិន​ត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ
  • ១៤- មិន​ត្រូវ​បំផ្លាញ ឬ​ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ប្រឡង ដូចជា​ដោះ​ទ្វារ បង្អួច ធ្វើ​ឱ្យ​របើក​ជញ្ជាំង​ក្ដារ ធ្វើ​ឱ្យ​បាក់បែក​តុ កៅអី ឬ​ក្ដារខៀន​ជាដើម
  • ១៥- មិន​ត្រូវ​ឱ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញ​បន្ថែម ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជា​ដាច់​ខាត
  • ១៦- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី និង​អាកប្បកិរិយា ដែល​នាំ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់ ​របៀបរៀបរយ​នៃ​ការ​ប្រឡង​ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេប្រយោគ។
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៣ ប្រការ៥ ដែល​បេក្ខជន​ត្រូវ​អនុវត្ត)
    ទង្វើ​ដែល​ត្រូវ​បាន​កំណត់​ថា​បេក្ខជន​លួច​ចម្លង​មាន៖
  • យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
  • លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ
  • មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ។ល។ ក្នុង​បន្ទប់​ប្រឡង
  • ចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ កន្លែង​ដែល​ខ្លួន​អង្គុយ
  • អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ
  • ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅ​ក្នុង​បន្ទប់​ប្រឡង
  • អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស ឬ​រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ
  • រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈមេប្រយោគ
  • បង្ក​លក្ខណៈ ឬ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ដទៃ​ចម្លង
  • ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្ដូរ​ក្រដាស​ព្រាង​គ្នា ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់ស្ដែង។
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៧ និងប្រការ៨ )
    សកម្មភាព​ដែល​ត្រូវ​បាន​កំណត់​ថា​បេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ​មាន៖
  • មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡងតាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ
  • សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន
  • ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នា ទាំងស្រុង
  • ចម្លើយនៃសំណួរណា​ដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញាសាដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយ បេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយធ្វើការកោសល្យវិច័យឃើញថាសន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុង ទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៩)

បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដែលត្រូវចាត់ទុកថាជាអំពើដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់បៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ នឹងមិនត្រូវអនុញ្ញាតឱ្យចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៩)
    បេក្ខជនធ្វើសកម្មភាពដូចខាងក្រោម ត្រូវបានចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី២ ៖
  • ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាត្តពីអនុរក្ស
  • ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស
  • ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង
  • ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង
  • ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន
  • សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ
  • បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូល​ក្នុងបន្ទប់ប្រឡងវិញ ក្នុងពេលធ្វើវិញ្ញាសា
  • បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគម្រាមកំហែងលើបេក្ខជនដទៃ
  • ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
  • ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ ឱ្យអនុរក្ស។
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៩១០)

បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពកម្រិត២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ១០)
    បេក្ខជនធ្វើសកម្មភាពដូចខាងក្រោម ត្រូវបានចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣ ៖
  • យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង
  • ឱ្យអ្នកដទៃមកប្រឡងជំនួស
  • ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូតខាតបន្ទប់ប្រឡងដោយចេតនា
  • មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។
(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ១១)

បេក្ខជនដែលបានប្រព្រឹត្តិសកម្មភាពកម្រិត៣ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុង​ករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បា់ជាធរមាន។

(​សម្រាប់​ព័ត៌មាន​​លម្អិត​សូម​អាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ​ និងកម្រិតវិន័យចំពោះបេក្ខជន​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៖​០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ១១)

គណៈកម្មការ​អនុរក្ស​មាន​តួនាទី ជា​អ្នក​គ្រប់គ្រង​ការងារ​ប្រឡង​ផ្ទាល់​នៅ​ក្នុង​បន្ទប់​ប្រឡង​មួយ ​តាម​ចំណាត់​តាំង​របស់​ប្រធាន​មណ្ឌល​សំណេរ ហើយ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រធាន​មណ្ឌល ក្នុង​ដំណើរ​ការ​សំណេរ​​តាម​មុខវិជ្ជា​នីមួយៗ។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៧ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច VII)

គណៈ​កម្មការ​ត្រួត​ពិនិត្យ​តាម​អគារ មាន​តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​អនុរក្ស ហើយ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រធាន​មណ្ឌល​សំណេរ។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៧ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច VI)

ប្រធាន​មណ្ឌល​សំណេរ​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​មណ្ឌល​សំណេរ​របស់​ខ្លួន ហើយ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស និង​ក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​វិញ្ញាសា​សរសេរ​ទាំង​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៧ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច IV)

គណៈ​កម្មការ​អប្បមាទ​ទូទាំង​ប្រទេស ជា​អ្នក​ក្ដាប់​សភាព​ការណ៍​ទូទៅ​នៃ​ការ​ប្រឡង​ក្នុង​ដំណើរ​ការ​វិញ្ញាសា​សរសេរ ។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៧ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច III )

ជំនួយ​​អប្បមាទ​ទូទាំង​ប្រទេស មាន​តួនាទី​ជា​សេនាធិការ​​ឱ្យ​ប្រធាន​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​ប្រឡង​លើ​ការ​ត្រួត​ពិនិត្យ​និង​សង្កេត​ដំណើរ​ការ​ប្រឡង​ប្រចាំ​មណ្ឌល។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដីណែនាំលេខ២៨ អយក​.សណន ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ )

គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ត្រូវ​បាន​ចាត់​តាំង​ចុះ​គ្រប់​គ្រង​ការ​ប្រឡង​នៅ​តាម​រាជធានី ខេត្ត និង​មាន​ភារកិច្ច​ដឹក​ប្រធាន​វិញ្ញាសា​ពី​ក្រសួង​ទៅ​កាន់​មណ្ឌល​សំណេរ និង​ដឹក​កិច្ចការ​បេក្ខជន​ពី​មណ្ឌល​សំណេរ​មក​កាន់​មណ្ឌល​កំណែ​ប្រមូល​ផ្ដុំ​នៅ​រាជធានី​ភ្នំពេញ។

(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៧ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច II )
    ប្រធាន អនុប្រធាន និង​សមាជិក​នៃ​គណៈមេប្រយោគ គណៈកម្មការ និង​អនុ​គណៈកម្មការ​នានា ដែល​ប្រព្រឹត្ត​ឱ្យ​មាន​​​​កំហុស​ក្នុង​ដំណើរការ​ប្រឡង​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ(ដោយ​មិន​គិត​ទោស​ព្រហ្មទណ្ឌ) ​ដូច​ខាង​ក្រោម ៖

    ក. ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖

  • ស្ដីបន្ទោស
  • ផ្អាក​ជា​បណ្ដោះអាសន្ន​មិន​ឱ្យ​បន្ត​បំពេញ​ការងារ​​ក្នុង​ដំណើរការ​ប្រឡង
  • ស្ដី​បន្ទោស​ដោយ​មាន​ចំណារ​ក្នុង​សំណុំ​លិខិត​ផ្ទាល់ខ្លួន
  • ផ្អាក​មិន​ឱ្យ​ចូលរួម​ជា​គណៈមេប្រយោគពី១(មួយ)ឆ្នាំ ទៅ​ ២(ពីរ) ឆ្នាំ តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​វិន័យ
  • ផ្លាស់​ដោយ​បង្ខំ​តាម​វិធាន​ការ​ខាង​វិន័យ
  • លុប​ឈ្មោះ​ចេញ​ពី​តារាង​ឡើង​ឋានន្តរ​ស័ក្ដិ ឬ​ថ្នាក់។

    ខ. ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖

  • ស្ដី​បន្ទោស​ជា​ទម្ងន់ បណ្ដាល​ឱ្យ​លុប​ឈ្មោះ​ចេញ​ពី​តារាង​ឡើង​ឋានន្តរ​ស័ក្ដិ ឬ​ថ្នាក់ បើ​សិន ជា​មាន​ចុះឈ្មោះ​ហើយ ឬ​ធ្វើ​ឱ្យ​យឺត​ក្នុង​ការ​ដំឡើង​ឋានន្តរ​ស័ក្ដិ ឬ​ថ្នាក់​ក្នុង​ថេរ​វេលា​មួយ មាន​កំណត់ តែ​មិន​ត្រូវ​ឱ្យ​​លើស​ពី ២ឆ្នាំ​ក្នុង​ការ​ដំឡើង​ឋានន្តរ​ស័ក្ដិ ឬ​ថ្នាក់​តាម​វេន​ជ្រើស រើស ឬ​តាម​វេន​អតីតភាព​
  • ដាក់​ឱ្យ​នៅ​ទំនេរ​គ្មាន​បៀវត្ស មិន​ឱ្យ​លើស​ពី​មួយ​ឆ្នាំ
  • បន្ថយ​ឋានន្តរ​ស័ក្ដិ ឬ​ថ្នាក់​មួយ​ថ្នាក់ ឬ​ច្រើន​ថ្នាក់
  • ដាក់​ឱ្យ​ចូល​និវត្តន៍​មុន​កំណត់ ឬ​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ
  • បណ្ដេញ​ចេញ​ពី​មុខ​តំណែង​រាជការ។
(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៨ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ​ប្រការ៦ )
    បុគ្គលិក​អប់រំ​បាន​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ការ​ប្រឡង​ដូច​ខាងក្រោម ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់ទី១ ដោយ​មិនទាន់​គិត​ពី​ទោស​តាម​ក្រមព្រហ្មទណ្ឌ៖

    ក. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរ​ការ​ទូទៅ​នៃ​ការ​ប្រឡង

  • បង្កើត​បណ្ដាញ​ស្វែង​រក​ផល​កម្រៃ​ពី​ការ​ប្រឡង
  • យក​ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ ចូល​ក្នុង​មណ្ឌល​ប្រឡង​ខុស​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួង
  • ផ្ដល់​ ឬ​ទទួល​ប្រាក់​ដើម្បី​រៀបចំ​បែងចែក​តួនាទី​ក្នុង​គណៈកម្មការ​នានា
  • ជួយ​លាក់​កំបាំង​ទង្វើ​ខុស​ឆ្គង​របស់​គណៈ​មេប្រយោគ ឬ​គណៈ​កម្មការ​ប្រឡង
  • ចូលរួម ឬ​ឱ្យ​អ្នក​ផ្សេង​ធ្វើ​គណៈ​មេប្រយោគ​ជំនួស
  • មិន​ចូលរួម​ប្រជុំ​ដោយ​គ្មាន​មូលហេតុ និង /ឬ​មិន​អនុវត្ត​តាម​ការណែនាំ​បច្ចេកទេស​ប្រឡង
  • មិន​បាន​អនុវត្ត​ពេញលេញ​តាម​ភារកិច្ច​គណៈ​មេប្រយោគ និង​គណៈ​កម្មការ​ផ្សេងៗ ដូច​មាន​ចែង​ក្នុង​កម្រង​ភារកិច្ច​របស់​​គណៈមេប្រយោគ តាម​ការ​កំណត់​របស់​ក្រសួង។

    ខ. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរ​តាម​មណ្ឌល​សំណេរ

  • អនុញ្ញាត​ឱ្យ​បេក្ខជន​ចម្លង​កិច្ចការ​គ្នា ឬ​ការពារ​បេក្ខជន​ឱ្យ​ចម្លង​សំណៅ​ឯកសារ
  • គំរាម ឬ​សម្លុត​បេក្ខជន​ក្នុង​ពេល​ប្រឡង
  • ធ្វើ ឬ​យក​ចម្លើយ​វិញ្ញាសា​ឱ្យ​បេក្ខជន
  • បង្គាប់​បញ្ជា​ឱ្យ​អ្នក​ដទៃ​ធ្វើ​ចម្លើយ​វិញ្ញាសា
  • អនុញ្ញាត​ឱ្យ​​បេក្ខជន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូល​ក្នុង​បន្ទប់​ប្រឡង
  • អនុញ្ញាត​ឱ្យ​បេក្ខជន​និយាយ​ឆ្លើយឆ្លង​គ្នា ឬ​ដើរ​ពី​តុ​មួយ​ទៅ​តុ​មួយ
  • យក​សំណៅ​ឯកសារ​ពី​អ្នក​ដទៃ ឬ​ពី​បេក្ខជន​ម្នាក់​ទៅ​ឱ្យ​បេក្ខជន​ម្នាក់​ទៀត​ចម្លង
  • ធ្វើ​ឱ្យ​រំខាន​ដល់​បេក្ខជន​ក្នុង​ពេល​ប្រឡង
  • ប្ដូរ​ប្លង់​​តុ​ឱ្យ​បេក្ខជន​ខុស​ពី​ការកំណត់​របស់​គណៈ​មេ​ប្រយោគ។

    គ. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរ​មណ្ឌល​កំណែ

  • មិន​កែ​តាម​អត្រា​កំណែ​ដែល​បាន​សម្រេច
  • ដើរ​ចេញ​ទៅ​ក្រុម​កំណែ​ផ្សេង​ខុស​ពី​ក្រុម​របស់​ខ្លួន
  • រំខាន​អ្នក​ដទៃ​ក្នុង​ដំណើរការ​កំណែ
  • ដាក់​ពិន្ទុ​ខុស​ប្រក្រតី​ក្នុង​ការ​កែ​សន្លឹក​កិច្ចការ​បេក្ខជន
  • បញ្ចូល ឬ​បង្ហោះ​អត្រា​កំណែ កិច្ចការ​បេក្ខជន ឯកសារ​ប្រឡង​ផ្សេងៗ​ទៀត​តាម​បណ្ដាញ​សង្គម​នានា​ក្នុង​ពេល​ដំណើរ​ការ​កំណែ។

    ឃ. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរ​ការ​ស្រង់​បូក និង​ប្រកាស​លទ្ធផល

  • ផ្ទៀងផ្ទាត់​ពិន្ទុ​មិន​បាន​ត្រឹមត្រូវ។
(សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៨ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ​ប្រការ៧ )
    បុគ្គលិក​អប់រំ​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ការ​ប្រឡង​ដូច​ខាងក្រោម ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់ទី២ ដោយ​មិន​ទាន់​គិត​ពី​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ៖

    ក.ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរការ​ទូទៅ​នៃ​ការ​ប្រឡង

  • ផ្ដល់ ឬ​ទទួល​ប្រាក់​ដើម្បី​រៀបចំ​បែងចែក​តួនាទី​ក្នុង​គណៈកម្មការ​ប្រឡង​នានា
  • ធ្វើ​ឱ្យ​បែក​ធ្លាយ​វិញ្ញាសា​មុន​ពេល​ប្រឡង
  • ប្ដូរ​សន្លឹក​កិច្ចការ​ឱ្យ​បេក្ខជន​ក្រោយ​ពេល​ប្រឡង​រួច
  • ប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ខុស​ពី​គោលការណ៍
  • បញ្ចុះបញ្ចូល​បេក្ខជន ឬ​អ្នក​អាណាព្យាបាល​ឱ្យ​សូកប៉ាន់​ដើម្បី​ប្រឡង​ជាប់ ឬ​ទទួល​បាន និទ្ទេស​ល្អ
  • សរសេរ​បន្ថែម​ខ្លឹមសារ​លើ​សន្លឹក​កិច្ចការ​បេក្ខជន។

    ខ. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរ​ការ​មណ្ឌល​សំណេរ

  • ជួយ​ធ្វើ​ចម្លើយ​ឱ្យ​បេក្ខជន និង​ធ្វើ​ចរាចរ​ចម្លើយ​ពី​បន្ទប់​ប្រឡង​មួយ​ទៅ​បន្ទប់​មួយ​ទៀត
  • ជួយ​បេក្ខជន​ដោយ​សហការ​គ្នា​មើល​ផ្លូវ​គណៈ​គ្រប់គ្រង
  • ផ្ដល់​សញ្ញា​ឱ្យ​​បេក្ខជន ឬ​ផ្ដល់​លេខសម្ងាត់​ដល់​អ្នក​កែ​ដើម្បី​ជា​សញ្ញា​សម្រាប់​កែ​កិច្ចការ
  • អនុញ្ញាត​ឱ្យ​បេក្ខជន​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​បន្ទប់​ប្រឡង
  • ធ្វើ​ឱ្យ​បាត់​វិញ្ញាសា​ប្រឡង ឬ​​ធ្វើ​ឱ្យ​បេក្ខជន​យក​វិញ្ញាសា ទៅ​ក្រៅ​បន្ទប់​ប្រឡង ឬ​មណ្ឌល​ប្រឡង​
  • អនុញ្ញាត​ឱ្យ​អ្នក​ដទៃ ​ប្រឡង​ជំនួស​បេក្ខជន
  • ទទួល​ប្រាក់​សំណូក​ពី​បេក្ខជន​ជា​ថ្នូរ​នឹង​ការ​ចម្លង ឬ​ធ្វើ​ចម្លើយ​ឱ្យ​បេក្ខជន
  • បង្កើត​ក្រុម​ធ្វើ​ចម្លើយ​ក្នុង​ពេល​កំពុង​ដំណើរការ​ប្រឡង។

    គ. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរការ​មណ្ឌល​កំណែ

  • ធ្វើ​ឱ្យ​បែក​ធ្លាយ​អក្សរ​សម្ងាត់
  • សរសេរ​ខ្លឹមសារ​បន្ថែម​លើ​សន្លឹក​កិច្ចការ​បេក្ខជន
  • យក​ទូរសព្ទ​ចូល​ក្នុង​បន្ទប់​កំណែ បន្ទប់​បែងចែក​សន្លឹក​កិច្ចការ បន្ទប់​ស្រង់​បូក​ពិន្ទុ បន្ទប់​បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ និង​​បន្ទប់​​ផ្ទៀងផ្ទាត់​ពិន្ទុ
  • ប្រើ​ទូរស័ព្ទ​ដៃ​ក្នុង​បរិវេណ​មណ្ឌល​កំណែ ឬ​ក្នុង​ពេល​ម៉ោង​អនុវត្ត​ការងារ
  • បណ្ដែតបណ្ដោយ​​ឱ្យ​​មាន​ភាព​​អសកម្ម​ក្នុង​មណ្ឌល​កំណែ ឬ​ក្នុង​បន្ទប់​ប្រតិបត្តិការ​ការងារ
  • បង្ក​ភាព​អសកម្ម​រារាំង​ដល់​ដំណើរការ​បំពេញ​ការងារ ឬ​រំខាន​ដល់​ការងារ​របស់​គណៈកម្មការ ឬ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​មណ្ឌល​កំណែ
  • យក​​វិញ្ញាសា​ និង​អត្រា​កំណែ​ចេញ​ក្រៅ​មណ្ឌល​កំណែ​តាម​គ្រប់​មធ្យោបាយ

    ឃ. ការ​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ដំណើរ​ការ​ស្រង់​បូក និង​ប្រកាស​លទ្ធផល

  • កែ ឬ​បន្ថែម​ពិន្ទុ​លើ​សន្លឹក​ស្រង់​ពិន្ទុ (MCS)
  • ធ្វើ​ឱ្យ​បាត់​សន្លឹក​ស្រង់​ពិន្ទុ (MCS)
  • កែ ឬ​គ្រប់គ្រង​ទិន្នន័យ​មិន​បាន​ត្រឹមត្រូវ។
(​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អាន​ប្រកាស​លេខ ១០៧៨ អយក​.ប្រក ចុះថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ​ប្រការ៧)
  • ធ្វើ​អនាម័យ​ បោស​សម្អាត​បន្ទប់ អគារ បរិវេណ និង​រៀប​ចំ​កន្លែង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ
  • រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្ហាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់
  • រៀប​ចំ​គំនូស​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា និង​រៀប​ចំ​តុ​កៅអី​សម្រាប់​បេក្ខជន​ក្នុង​បន្ទប់​ប្រឡង​នីមួយៗ​ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​តិច ១,៥​ម៉ែត្រ
  • រៀប​ចំ​កន្លែង​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​សម្រាប់​បេក្ខជន​មើល​ឈ្មោះ​របស់​ខ្លួន​
  • រៀប​ចំ​កន្លែង​លាង​សម្អាត​ដៃ និង​បង្គន់​អនាម័យ ដោយ​មាន​ទឹក និង​សាប៊ូ​ជា​ប្រចាំ
  • ត្រៀម​បម្រុង​ម៉ាស់​ការពារ​សម្រាប់​ចែក​ជូន​ដល់​គណៈ​មេប្រយោគ គណៈ​កម្មការ​នានា និង​បេក្ខជន​នៅ​ពេល​ចាំបាច់
  • រៀបចំ​ទី​កន្លែង និង​ឧបករណ៍​សម្រាប់​វាស់​កម្ដៅ​នៅ​តាម​មណ្ឌល​ប្រឡង​នៅ​ទីតាំង​សមស្រប ៖ ពេល​ព្រឹក​សម្រាប់​បេក្ខជន​មក​ពិនិត្យ​ឈ្មោះ និង​ពេល​រសៀល​សម្រាប់​គណៈ​មេប្រយោគ​ចូល​រួម​ប្រជុំ
  • ពិនិត្យ​អត្តសញ្ញាណ​របស់​បេក្ខជន និង​បិទ​ស្ទីកឃឺ “កម្ដៅ​ធម្មតា" លើ​បណ្ណ​សម្គាល់​ខ្លួន​សិស្ស ឬ​សលាកបត្រ​ឯកត្តជន និង​ស្លាក​សញ្ញា​របស់​គណៈ​មេ​ប្រយោគ និង​គណៈ​កម្មការ​នានា។
  • ទទួល​ទាន​ដំណេក​ បរិភោគ​អាហារ និង​ទឹក​ស្អាត​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកប​ដោយ​សុវត្ថិភាព និង​សុខភាព ជា​ពិសេស​ត្រូវ​ទទួល​ទាន​អាហារ​ពេលព្រឹក
  • ប្រកាន់​ខ្ជាប់​ក្បួន​អនាម័យ​ជា​ប្រចាំ ដូច​ជា​អនាម័យ​ខ្លួន​ប្រាណ ​សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ ព្រមទាំង លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់
  • ត្រៀម​បម្រុង​សម្ភារៈ​អនាម័យ​ដូចជា​ម៉ាស់​ការពារ អាល់កុល ឬ​ជែល​លាងដៃ សម្រាប់​ប្រើ ប្រាស់​ផ្ទាល់​ខ្លួន​នៅ​ពេល​ប្រឡង
  • ត្រៀម​សម្ភារៈ​ការពារ​កម្ដៅ​ថ្ងៃ និង​ភ្លៀង ដូចជា មួក ឆ័ត្រ ឬ​អាវ​ភ្លៀង សម្រាប់​ប្រើប្រាស់​នៅ ពេល​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ប្រឡង
  • ពាក់​ម៉ាស់​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​គ្រប់​ពេល​ធ្វើ​ដំណើរ​នៅ​ទី​សាធារណៈ និង​ក្នុង​ពេល​ចាំ​បាច់
  • ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ដែល​មាន​មនុស្ស​ប្រមូល​ផ្ដុំ​ច្រើន កន្លែង​ចិញ្ចឹម ឬ​លក់​សត្វ​រស់
  • ឬ​ទី​កន្លែង​ដែល​មាន​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩
  • ផ្អាក​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ផលិត​ផល​ថ្នាំ​ជក់ ឬ​ភេសជ្ជៈ​ដែល​ប៉ះពាល់​ដល់​សុខភាព
  • ស្វែង​រក​កន្លែង​ស្នាក់​នៅ និង​កន្លែង​ទទួល​ទាន​អាហារ ប្រកប​ដោយ​សុវត្ថិភាព
  • គោរពច្បាប់ចរាចរ និងបើកបរដោយប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅមណ្ឌលប្រឡងដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
  • រៀបចំ​បន្ទប់​សុខភាព ដោយ​បំពាក់​នូវ​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម និងបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្តៅលើសពី ៣៧,៥អង្សារសេ និងបន្ទប់ដោយឡែកសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព
  • រៀប​ចំ​សម្ភារៈ​អនាម័យ​ដូច​ជា សាប៊ូ អាល់កុល ឬ​ជែល​លាង​ដៃ និងសម្ភារៈការពារសុវត្ថិភាពដូចជា អាវការពារសុវត្ថិភាព (PPE) ស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈមេប្រយោគ និងគណៈកម្មការនានា ប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសេបន្ទប់ប្រឡងដោយឡែក សម្រាប់បេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ និងមានបញ្ហាសុខភាព
  • រៀបចំចងខ្សែកំណត់ទីតាំងគម្លាតសុវត្ថិភាព ដាក់បង្ហាញនូវសញ្ញា និងទិសដៅនៃការចល័តចេញចូល នៅក្នុងបរិវេណមណ្ឌលប្រឡង ដោយរក្សាគម្លាតយ៉ាងតិចបំផុត ១,៥ម៉ែត្រ
  • រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីចាត់វិធានការសង្គ្រោះស្របតាមវិធានវេជ្ជសាស្ដ្ររបស់ក្រសួងសុខាភិបាល។
  • រៀបចំ​ឱ្យ​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ ដើម្បី​ចាត់​វិធានការ​សង្គ្រោះ​តាម​ពិធី​សារ​វេជ្ជសាស្ត្រ​របស់ ក្រសួង​សុខាភិបាល
  • រៀប​ចំ​បន្ទប់​ប្រឡង​បម្រុង​ដោយ​ឡែក​សម្រាប់​បេក្ខជន​ដែល​មាន​បញ្ហាសុខភាព
  • ត្រៀម​សម្ភារៈ​ការពារ​សុវត្ថិភាព​ដូចជា ស្រោម​ដៃ ម៉ាស់​ការពារ សម្ភារៈ​រម្ងាប់​មេរោគ សម្រាប់ គណៈ​មេ​ប្រយោគ និង​គណៈ​កម្មការ​នានា ប្រើប្រាស់​ពេល​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​បន្ទប់ ប្រឡង​ដែល​មាន​បេក្ខជន​មាន​កម្ដៅ​លើស​ពី​៣៧,៥​អង្សាសេ
  • បើក​ទ្វារ​បង្អួច​បន្ទប់​ប្រឡង​ឱ្យ​មាន​ខ្យល់ ពន្លឺ​គ្រប់គ្រាន់ និង​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ប្រឡង មិន​ឱ្យ​ទាប​ជាង​២៤អង្សាសេ ចំពោះ​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់។
  • ណែនាំ​ឱ្យ​បេក្ខជន​តម្រង់​ជួរ ដោយ​​រក្សា​គម្លាត​សុវត្ថិភាព​ និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង លើកលែងតែពេលផ្ទៀងផ្ទាត់មុខបេក្ខជនជាមួយសលាកបត្រឯកត្តជន
  • បើកទ្វាបង្អួច បន្ទប់ប្រឡងឱ្យមានខ្យល់ ពន្លឺគ្រប់គ្រាន់ និងរក្សាសីតុណ្ហភាពក្នុងបន្ទប់ប្រឡងមិនឱ្យទាបជាង២៤អង្សារសេចំពោះបន្ទប់ដែលមានម៉ាស៊ីនត្រជាក់
  • ប្រើប្រាស់សម្ភារៈការពារសុវត្ថិភាព (PPE) កម្រិត២ សម្រាប់គណៈមេប្រយោគ និងឬគណៈកម្មការដែលបំពេញការងារនៅបន្ទប់បេក្ខជនមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលមានបញ្ហាសុខភាព។
  • ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
  • ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពែលសម្រាក ឆ្លងវិញ្ញាសា និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ
  • ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាព ដូចជាឡើងកម្តៅ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម
  • ណែនាំឱ្យបេក្ខជនគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួនត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង។
  • ប្រើស្រោមដៃក្នុងការវេចខ្ចប់សន្លឹកកិច្ចការបេក្ខជនក្នុងបន្ទប់ដាច់ដោយឡែក ចំពោះដុំសន្លឹកកិច្ចការដែលត្រូវបានបញ្ចូលសន្លឹកកិច្ចការរបស់បេក្ខជនមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលមានបញ្ហាសុខភាព ត្រូវវេចខ្ចប់ជាមួយថង់សុវត្ថិភាពដែលបានផ្តល់ជូន និងរម្ងាប់មេរោគផ្ទៃខាងក្រៅថង់ក្រោយពេលវេចខ្ចប់រួចដោយបាញ់អាល់កុល
  • រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាប ដោយបាញ់អាល់កុល ឬជូតសម្អាត និងកន្លែងចាប់កាន់ញឹកញាប់ ក្រោយបញ្ចប់ដំណើរការសំណេរពេលព្រឹក និងពេលរសៀល និងមុនពេលចាកចេញពីបន្ទប់ប្រឡង ក្រោយពេលបញ្ចប់ដំណើរការសំណេរពេលព្រឹក និងពេលរសៀល និងមុនចាកចេញពីបន្ទប់ប្រឡង ជាពិសេសបន្ទប់បេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ និងបន្ទប់បេក្ខជនដែលមានបញ្ហាសុខភាព
  • រៀបចំប្រមូល វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពិសេសម៉ាស់ ស្រោមដៃ និងសម្ភារៈការពារសុវត្ថិភាព (PPE) ដែលបានប្រើប្រាស់រួច។
  • រៀបចំ​បន្ទប់​សុខភាព ដោយ​បំពាក់​នូវ​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម
  • រៀបចំ​ឱ្យ​មាន​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​ដើម្បី​ចាត់​វិធានការ​សង្គ្រោះ​តាម​ពិធី​សារ​វេជ្ជសាស្ត្រ​របស់​ក្រសួង​សុខាភិបាល
  • រៀបចំសម្ភារៈអនាម័យដូចជា សាប៊ូ អាល់កុល ឬជែលលាងដៃ និងត្រៀមសម្ភារៈការពារសុវត្ថិភាពដូចជាស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈកម្មការកំណែ និងគណៈកម្មការនានាប្រើប្រាស់ពែលបំពេញភារកិច្ចរបស់ខ្លួន។
  • ប្រើប្រាស់ស្រោមដៃជាប្រចាំសម្រាប់កំណែសន្លឹកកិច្ចការបេក្ខជនដែលមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលមានបញ្ហាសុខភាព
  • ពាក់​ម៉ាស់​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​ប្រចាំ​នៅ​មណ្ឌល​កំណែ និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ
  • រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងហាមការប៉ះពាល់ក្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
  • អនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាក
  • ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលកំណែ ក្នុងករណីមានបញ្ហាសុខភាព។
  • ធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
  • រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យដោយមានទឹក និងសាប៊ូជាប្រចាំ
  • រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ និងកន្លែងចាប់កាន់ញឹកញាប់
  • ពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណមណ្ឌល
  • រៀបចំតុ កៅអី សម្រាប់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ។
  • រៀបចំបន្ទប់សុខភាព ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម
  • រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីចាត់វិធានការសង្គ្រោះតាមពិធីសារវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល
  • រៀបចំសម្ភារៈអនាម័យដូចជាសាប៊ូ អាល់កុល ឬជែលលាងដៃ និងត្រៀមសម្ភារៈការពារសុវត្ថិភាពដូចជា ស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងគណៈកម្មការនានាប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួន។
  • ត្រួតពិនិត្យ និងណែនាំដល់គណៈកម្មការស្រង់ បូកពិន្ទដោយកុំព្យូទ័រ និងគណៈកម្មការនានាអនុ វត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព សុវត្ថិភាព ក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ និង មានបញ្ហាមិនស្រួលខ្លួនត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅមណ្ឌលស្រង់បូកពិន្ទុដោយកុំព្យូទ័រ។
  • ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ
  • រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងហាមឃាត់ការប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
  • អនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាក
  • ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានបញ្ហាសុខភាព។

ប្រកាស​លទ្ធផល​តាម​ឧឃោសន​ស័ព្ទ និង​បន្ទាប់​មក​ត្រូវ​បិទ​លទ្ធផល​នៅ​តាម​មណ្ឌល ​ប្រឡង​តាម​ទី​តាំង​សម​ស្រប​ដោយ​រក្សា​គម្លាត​សុវត្ថិភាព។