ច្បាប់ ស្តីពីការអប់រំ ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៤ នីតិកាលទី២ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ៖
ច្បាប់នេះមានគោលដៅកំណត់អំពីវិធាន និងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់កសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពដែលធានាបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។