សំណួរដែលត្រូវបានសួរញឹកញាប់សម្រាប់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២
1. តើអ្វីទៅជាការប្រឡង?
ការប្រឡងគឺជាការវិនិច្ឆ័យលើកម្រិតសមត្ថភាព ចំណេះដឹងរបស់បេក្ខជនដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
2. តើសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២២ ប្រព្រឹត្តទៅនៅពេលណា?
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ គឺ ៖០៥ ធ្នូ ២០២២។
3. តើទីតាំងមណ្ឌលប្រឡង ត្រូវបានកំណត់យ៉ាងដូចម្ដេច?
ក្រសួងបន្តប្រមូលផ្ដុំមណ្ឌលប្រឡងនៅរាជធានី និងទីរួមខេត្ត ដោយយកគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ ចាប់ពីបឋមសិក្សាឡើងទៅ ទាំងសាធារណៈ និងឯកជនធ្វើជាមណ្ឌលប្រឡង។ ក្នុងករណីខេត្តណាមិនអាចអនុវត្តបាន ត្រូវប្រមូលផ្ដុំនៅទីរួមស្រុកដែលនៅជិតទីរួម ខេត្តជាងគេ ។
4. តើមណ្ឌលប្រឡង ត្រូវបានរៀបចំយ៉ាងដូចម្ដេច?
មណ្ឌលប្រឡង ត្រូវបានរៀបចំ៖
-
រៀបចំដាច់ដោយឡែកពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម
-
នៅក្នុងគ្រឹះស្ថានសិក្សាមួយអាចយកធ្វើជាពីរមណ្ឌលប្រឡង
-
រៀបចំបេក្ខជនក្នុងបន្ទប់ចំនួន២៥នាក់ និងក្នុងមួយមណ្ឌលពី២០បន្ទប់ទៅ ២៥បន្ទប់ លើកលែងតែខេត្តដែលមានចំនួនបេក្ខជនច្រើន និងខេត្តដែលមានចំនួនបេក្ខជនតិចអាចប្រែប្រួលតាមស្ថានភាពជាក់ស្ដែង
-
រៀបចំបន្ទប់បម្រុងសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព។
5. តើបញ្ជីឈ្មោះបេក្ខជនតាមមណ្ឌលប្រឡងនីមួយៗ ត្រូវបានរៀបចំយ៉ាងដូចម្ដេច ?
បញ្ជីឈ្មោះបេក្ខជនតាមមណ្ឌលប្រឡងនីមួយៗ ត្រូវបានរៀបចំមានពីរករណី ៖
ក. រាជធានីភ្នំពេញ ៖ ឈ្មោះបេក្ខជនត្រូវបានច្រឡូកតាមតំបន់ និងតាមអក្ខរក្រមនាមត្រកូល ដើម្បីសម្រួលការធ្វើដំណើររបស់បេក្ខជន។
ខ. បណ្ដាខេត្ត ៖ ឈ្មោះបេក្ខជនត្រូវបានច្រឡូកទូទាំងខេត្ត តាមអក្ខរក្រមនាមត្រកូល។
6. តើបំណែងចែកតាមលំដាប់អក្ខរក្រមនាមត្រកូលរបស់បេក្ខជន តាមមណ្ឌលប្រឡង នឹងប្រកាសនៅពេលណា?
បញ្ជីឈ្មោះបេក្ខជនតាមលំដាប់អក្ខរក្រមនាមត្រកូល តាមមណ្ឌលប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយ លើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង (facebook.com/moeys.gov.kh) ក្នុងពេលមួយសប្ដាហ៍មុនសម័យប្រឡង។
7. តើបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡងនៅថ្ងៃណា?
បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡងចាប់ពីម៉ោង ៩:០០ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។
8. តើវិញ្ញាសាប្រឡងមានប៉ុន្មានមុខវិជ្ជា និងមានទម្រង់ដូចម្ដេច?
វិញ្ញាសាប្រឡងមាន ៧មុខវិជ្ជា និងមាន២ទម្រង់ គឺទម្រង់ចែកជូនបេក្ខជន និងទម្រង់កត់លើក្ដារខៀន
-
ថ្នាក់វិទ្យាសាស្ត្រ ៖ គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រខ្មែរ ភាសាបរទេស និងគណិតវិទ្យា
-
ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដី និងបរិស្ថានវិទ្យា គណិតវិទ្យា ភាសាបរទេស និងអក្សរសាស្ត្រខ្មែរ។
9. តើសម្ភារៈអ្វីខ្លះត្រូវបានអនុញ្ញាតឱ្យបេក្ខជនយកចូលក្នុងបន្ទប់ប្រឡង?
សម្ភារៈអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់ប្រឡងមានដូចជា៖ ម៉ាស់ ជែលលាងដៃ ឬអាល់កុល ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន និងរ៉ាបព័រទ័រ។
10. តើវិញ្ញាសា ថេរវេលា និងរបបពិន្ទុ ត្រូវបានកំណត់យ៉ាងដូចម្ដេច?
ការប្រឡងមានរយៈពេលចំនួន២ថ្ងៃ ស្មើនឹង ៦៨០នាទី ដែលវិញ្ញាសា ថេរវេលា និងរបបពិន្ទុ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានកំណត់ ដូចខាងក្រោម៖
-
វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ
1. | គីមីវិទ្យា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
2. | ជីវវិទ្យា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
3. | រូបវិទ្យា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
4. | ប្រវត្តិវិទ្យា | រយៈពេល | ៦០ នាទី | ពិន្ទុ | ០ ដល់ ៥០ |
5. | អក្សរសាស្ត្រខ្មែរ | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
6. | ភាសាបរទេស | រយៈពេល | ៦០ នាទី | ពិន្ទុ | ០ ដល់ ៥០ |
7. | គណិតវិទ្យា | រយៈពេល | ១៥០ នាទី | ពិន្ទុ | ០ ដល់ ១២៥ |
-
វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម
1. | ភូមិវិទ្យា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
2. | ប្រវត្តិវិទ្យា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
3. | សីលធម៌-ពលរដ្ឋវិជ្ជា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
4. | ផែនដី និងបរិស្ថានវិទ្យា | រយៈពេល | ៦០ នាទី | ពិន្ទុ | ០ ដល់ ៥០ |
5. | គណិតវិទ្យា | រយៈពេល | ៩០ នាទី | ពិន្ទុ | ០ ដល់ ៧៥ |
6. | ភាសាបរទេស | រយៈពេល | ៦០ នាទី | ពិន្ទុ | ០ ដល់ ៥០ |
7. | អក្សរសាស្ត្រខ្មែរ | រយៈពេល | ១៥០ នាទី | ពិន្ទុ | ០ ដល់ ១២៥ |
ដោយឡែកមុខវិជ្ជាភាសាបរទេសដែលជាវិញ្ញាសាតាមស្ម័គ្រ ត្រូវយកពិន្ទុដែលសិស្សធ្វើបានដកនឹង ២៥ ។
11. តើពិន្ទុប៉ុន្មានត្រូវ បានកំណត់ឱ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
របបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។
(សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីណែនាំលេខ២២ អយក.សណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)
12. តើបេក្ខជនត្រូវមានឯកសារអ្វីខ្លះ ដើម្បីចូលប្រឡង ?
បេក្ខជនត្រូវយកមកជាមួយនូវ៖
-
ប័ណ្ណសម្គាល់ខ្លួន សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា
-
សលាកបត្រឯកត្តជនសម្រាប់បេក្ខជនស្វៃរិនចំណេះទូទៅ និងស្វៃរិនបំពេញវិជ្ជា។
13. តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន?
-
មុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា ឱ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់។
-
ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឱ្យចូលប្រឡង។
14. តើបេក្ខជនអាចប្រើម៉ាស៊ីនគិតលេខក្នុងពេលប្រឡងបានឬទេ ?
បេក្ខជនមិនអាចប្រើម៉ាស៊ីនគិតលេខក្នុងពេលប្រឡងបានទេ។ ដើម្បីធានានូវសមភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ការរៀបចំវិញ្ញាសានីមួយៗបានគិតគូរយ៉ាងល្អិតល្អន់ផ្អែកទៅតាមពេលវេលាដែលបានកំណត់។ ម៉ាស៊ីនគិតលេខ មានច្រើនប្រភេទរាប់មិនអស់ មានមុខងារប្រើប្រាស់ តិច ឬច្រើនទៅតាមតម្លៃខ្ពស់ ឬទាប ដែលពុំមានសមធម៌ និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ការគិតលេខដោយខួរក្បាលនឹងបង្កើនភាពរួសរវើកធ្វើឱ្យមានការចងចាំបានល្អ។
15. តើពិន្ទុប្រឡងឆមាសតាមមុខវិជ្ជានៅសាលាយកមកបូកជាមួយពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែរឬទេ?
ក្រសួងបន្តប្រគល់សិទ្ធិអំណាចការទទួលខុសត្រូវជូនគ្រូបង្រៀនដឹកនាំការប្រឡងឆមាសតាមថ្នាក់ តាមមុខវិជ្ជាដែលខ្លួនបានបង្រៀនផ្ទាល់ និងមិនយកពិន្ទុប្រឡងឆមាសទៅបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិទេ ប៉ុន្តែយកជាបេក្ខភាពប្រឡង។
16. តើនិទ្ទេស ត្រូវបានកំណត់យ៉ាងដូចម្ដេច?
និទ្ទេសមាន ៥កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម ៖
A : ល្អប្រសើរ = ពិន្ទុសរុប x ០,៩
B : ល្អណាស់ = ពិន្ទុសរុប x ០,៨
C : ល្អ = ពិន្ទុសរុប x ០,៧
D : ល្អបង្គួរ = ពិន្ទុសរុប x ០,៦
E : មធ្យម = ពិន្ទុសរុប x ០,៥
F : ក្រោមមធ្យមភាគ (ធ្លាក់)
(សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីណែនាំលេខ២២ អយក.សណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)
17. តើក្រសួងមានវិធានការយ៉ាងណាចំពោះការប្រឡងជំនួស?
ចំពោះបេក្ខជនដែលឱ្យគេប្រឡងជំនួស ត្រូវបានកំណត់ឱ្យធ្លាក់ស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រឡងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។
18. តើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ គ្រោងនឹងប្រកាសជូននៅពេលណា?
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ គ្រោងនឹងប្រកាសជូន នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
19. តើលទ្ធផលប្រឡង នឹងត្រូវផ្សព្វផ្សាយតាមមធ្យោបាយអ្វីខ្លះ?
លទ្ធផលប្រឡងនឹងត្រូវផ្សព្វផ្សាយ៖
-
តាមមណ្ឌលប្រឡងទាំងអស់ទូទាំងប្រទេស(លទ្ធផលផ្លូវការ)
-
តាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង www.facebook.com/moeys.gov.kh
20. តើបទប្បញ្ញត្តិសុខភាពអ្វីខ្លះសម្រាប់បេក្ខជនទូទៅ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ដែលត្រូវអនុវត្ត?
ដើម្បីរក្សាលក្ខខណ្ឌសុខភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារអនាម័យឱ្យបានល្អ បេក្ខជនទាំងឡាយត្រូវអនុវត្តដូចខាងក្រោម ៖
-
ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង លើកលែងតែពេលផ្ទៀងផ្ទាត់មុខបេក្ខជន ជាមួយសលាកបត្រឯកត្តជន
-
រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
-
ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកឆ្លងវិញ្ញាសា និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ
-
ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្ដ្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាពដូចជា ឡើងកម្តៅ ឬមានរោគសញ្ញាផ្សេងៗ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម
-
បេក្ខជនត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួន ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង
(សម្រាប់ព័ត៌មានលម្អិតសូមអាន សេចក្ដីណែនាំប្រតិបត្តិលេខ ៣៤ អយក.សណន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្ដីពី វិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២)
21. តើបទប្បញ្ញត្តិអ្វីខ្លះដែលបេក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យក្នុងការប្រឡងឱ្យបានល្អបេក្ខជនទាំងឡាយត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ដូចមានចែងខាងក្រោម ៖
១- ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង និងត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនបេក្ខជនទូទៅ ចំពោះ បេក្ខជនដេលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងបេក្ខជនដែលមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម… ដើម្បីទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅឯកសារមុនគេ និងដាច់ដោយឡែកពីគេ
២- ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ពណ៌ខៀវ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ
៣- ត្រូវយកមកនូវប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ មានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយកនាយិកាសាលាត្រឹមត្រូវច្បាស់លាស់។ ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវយកមកនូវសលាកបត្រឯកត្តជន ឬប័ណ្ណសម្គាល់ខ្លួនជាសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ។
៤- ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ ដែលក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យប្រើ៖ ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ ម៉ាស់ ជែលលាងដៃ ឬអាល់កុល ។
៥- ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារៈផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឱ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង
៦- ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជាអង្គុយចំតាមលេខតុ ដែលអនុរក្សបានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការ ដែលអនុរក្សបានចែកឱ្យ ប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេលដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ
៧- ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី២ ប្រការ៤ ដែលបេក្ខជនត្រូវអនុវត្ត តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk )
22. តើប្រការអ្វីខ្លះដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
ប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖
១- មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២
២- មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង
៣- មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
៤- មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស
៥- មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ
៦- មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ
៧- មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យ របស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យ ស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់ មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង ៨- មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស
៩- មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
១០- មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
១១- មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
១២- មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរ អក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម
១៣- មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
១៤- មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារ ធ្វើឱ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម
១៥- មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត
១៦- មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឱ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡងឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៣ ប្រការ៥ ដែលបេក្ខជនត្រូវអនុវត្ត តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk )
23. តើទង្វើបែបណា ដែលត្រូវបានកំណត់ថាបេក្ខជនលួចចម្លង?
ទង្វើដែលត្រូវបានកំណត់ថាបេក្ខជនលួចចម្លងមាន៖
-
យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
-
លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ
-
មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង
-
ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅ កន្លែងដែលខ្លួនអង្គុយ
-
អើតមើលសន្លឹកកិច្ចការអ្នកដទៃ
-
ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
-
អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
-
រំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
-
បង្កលក្ខណៈ ឬផ្ដល់ឱកាសឱ្យអ្នកដទៃចម្លង
-
ប្ដូរសន្លឹកកិច្ចការគ្នា ឬប្ដូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នាជាក់ស្ដែង។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៧ និងប្រការ៨ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk)
24. តើសកម្មភាពបែបណា ដែលត្រូវបានកំណត់ថាបេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ?
សកកម្មភាពដែលត្រូវបានកំណត់ថាបេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យមាន៖
-
មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡងតាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ
-
សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន
-
ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នា ទាំងស្រុង
-
ចម្លើយនៃសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញាសាដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយ បេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយធ្វើការកោសល្យវិច័យឃើញថាសន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុង ទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៩ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk)
25. តើបេក្ខជនដែលបានប្រព្រឹត្តសកកម្មភាពកម្រិត១ ដែលត្រូវចាប់បានថាធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យត្រូវទទួលវិន័យបែបណា?
បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដែលត្រូវចាត់ទុកថាជាអំពើដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់បៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ នឹងមិនត្រូវអនុញ្ញាតឱ្យចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៩ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk)
26. តើសកកម្មភាពបែបណាខ្លះ ដែលបេក្ខជនប្រព្រឹត្តត្រូវបានកំណត់នៅក្នុងកម្រិតថ្នាក់ទី២ ?
បេក្ខជនធ្វើសកកម្មភាពដូចខាងក្រោម ត្រូវបានចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី២ ៖
-
ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាត្តពីអនុរក្ស
-
ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស
-
ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង
-
ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង
-
ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន
-
សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ
-
បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញ ក្នុងពេលធ្វើវិញ្ញាសា
-
បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគម្រាមកំហែងលើបេក្ខជនដទៃ
-
ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
-
ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ ឱ្យអនុរក្ស។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ៩១០ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk )
27. តើបេក្ខជនដែលបានប្រព្រឹត្តសកកម្មភាពកម្រិត២ ដែលត្រូវចាប់បានថាធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិចវិន័យត្រូវទទួលវិន័យបែបណា?
បេក្ខជនដែលបានប្រព្រឹត្តសកកម្មភាពកម្រិត២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ១០ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk )
28. តើសកកម្មភាពបែបណាខ្លះ ដែលបេក្ខជនប្រព្រឹត្តត្រូវបានកំណត់នៅក្នុងកម្រិតថ្នាក់ទី៣?
បេក្ខជនធ្វើសកកម្មភាពដូចខាងក្រោម ត្រូវបានចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣ ៖
-
យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង
-
ឱ្យអ្នកដទៃមកប្រឡងជំនួស
-
ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូតខាតបន្ទប់ប្រឡងដោយចេតនា
-
មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ១១ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk)
29. តើបេក្ខជនដែលបានប្រព្រឹត្តិសកកម្មភាពកម្រិត៣ ដែលត្រូវចាប់បានថាធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិចវិន័យត្រូវទទួលវិន័យបែបណា?
បេក្ខជនដែលបានប្រព្រឹត្តិសកកម្មភាពកម្រិត៣ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បា់ជាធរមាន។
(សម្រាប់ព័ត៌មានលម្អិតសូមអាន ប្រកាសលេខ ១៦៨៨ អយក.ប្រក ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៥ ធ្នូ ២០២២ ត្រង់ជំពូកទី៤ ប្រការ១១ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p22-1688.html#.Y1-CTnZByUk)
30. តើគណៈកម្មការអនុរក្សមានតួនាទីអ្វី ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
គណៈកម្មការអនុរក្សមានតួនាទី ជាអ្នកគ្រប់គ្រងការងារប្រឡងផ្ទាល់នៅក្នុងបន្ទប់ប្រឡងមួយ តាមចំណាត់តាំងរបស់ប្រធានមណ្ឌលសំណេរ ហើយទទួលខុសត្រូវចំពោះមុខប្រធានមណ្ឌល ក្នុងដំណើរការសំណេរតាមមុខវិជ្ជានីមួយៗ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច VII តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1077.html)
31. តើគណៈកម្មការត្រួតពិនិត្យតាមអគារមានតួនាទីអ្វី ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
គណៈកម្មការត្រួតពិនិត្យតាមអគារ មានតួនាទីជាអ្នកត្រួតពិនិត្យអនុរក្ស ហើយត្រូវទទួលខុសត្រូវចំពោះមុខប្រធានមណ្ឌលសំណេរ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច VI តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1077.html)
32. តើប្រធានមណ្ឌលសំណេរមានតួនាទីអ្វីខ្លះក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
ប្រធានមណ្ឌលសំណេរមានតួនាទីជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងមណ្ឌលសំណេររបស់ខ្លួន ហើយទទួលខុសត្រូវទាំងស្រុងចំពោះមុខគណៈមេប្រយោគទូទាំងប្រទេស និងក្រសួងអប់រំ យុវជន និងកីឡា ចំពោះការប្រព្រឹត្តទៅនៃដំណើរការវិញ្ញាសាសរសេរទាំងផ្នែកបច្ចេកទេស និងរដ្ឋបាល។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច IV តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1077.html )
33. តើគណៈកម្មការអប្បមាទទូទាំងប្រទេសមានតួនាទីអ្វី ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
គណៈកម្មការអប្បមាទទូទាំងប្រទេស ជាអ្នកក្ដាប់សភាពការណ៍ទូទៅនៃការប្រឡងក្នុងដំណើរការវិញ្ញាសាសរសេរ ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច III តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1077.html)
34. តើជំនួយការអប្បមាទទូទាំងប្រទេសមានតួនាទីអ្វី ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
ជំនួយអប្បមាទទូទាំងប្រទេស មានតួនាទីជាសេនាធិការឱ្យប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងលើការត្រួតពិនិត្យនិងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល។
(សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីណែនាំលេខ២៨ អយក.សណន ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/instruction/i19-28.html )
35. តើគណៈមេប្រយោគទូទាំងប្រទេសមានតួនាទីអ្វីខ្លះក្នុងដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
គណៈមេប្រយោគទូទាំងប្រទេសត្រូវបានចាត់តាំងចុះគ្រប់គ្រងការប្រឡងនៅតាមរាជធានី ខេត្ត និងមានភារកិច្ចដឹកប្រធានវិញ្ញាសាពីក្រសួងទៅកាន់មណ្ឌលសំណេរ និងដឹកកិច្ចការបេក្ខជនពីមណ្ឌលសំណេរមកកាន់មណ្ឌលកំណែប្រមូលផ្ដុំនៅរាជធានីភ្នំពេញ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច II តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1077.html )
36. តើមានការកំណត់ទណ្ឌកម្មខាងវិន័យយ៉ាងដូចម្ដេច ចំពោះគណៈមេប្រយោគ គណៈកម្មការ និងអនុគណៈកម្មការទាំងឡាយណាដែលប្រព្រឹត្តកំហុសក្នុងដំណើរការប្រឡង?
ប្រធាន អនុប្រធាន និងសមាជិកនៃគណៈមេប្រយោគ គណៈកម្មការ និងអនុគណៈកម្មការនានា ដែលប្រព្រឹត្តឱ្យមានកំហុសក្នុងដំណើរការប្រឡងត្រូវទទួលទណ្ឌកម្មខាងវិន័យ(ដោយមិនគិតទោសព្រហ្មទណ្ឌ) ដូចខាងក្រោម ៖
ក. ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖
-
ស្ដីបន្ទោស
-
ផ្អាកជាបណ្ដោះអាសន្នមិនឱ្យបន្តបំពេញការងារក្នុងដំណើរការប្រឡង
-
ស្ដីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
-
ផ្អាកមិនឱ្យចូលរួមជាគណៈមេប្រយោគពី១(មួយ)ឆ្នាំ ទៅ ២(ពីរ) ឆ្នាំ តាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ
-
ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ
-
លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្ដិ ឬថ្នាក់។
ខ. ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖
-
ស្ដីបន្ទោសជាទម្ងន់ បណ្ដាលឱ្យលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្ដិ ឬថ្នាក់ បើសិន ជាមានចុះឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរស័ក្ដិ ឬថ្នាក់ក្នុងថេរវេលាមួយ មានកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំក្នុងការដំឡើងឋានន្តរស័ក្ដិ ឬថ្នាក់តាមវេនជ្រើស រើស ឬតាមវេនអតីតភាព
-
ដាក់ឱ្យនៅទំនេរគ្មានបៀវត្ស មិនឱ្យលើសពីមួយឆ្នាំ
-
បន្ថយឋានន្តរស័ក្ដិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់
-
ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ
-
បណ្ដេញចេញពីមុខតំណែងរាជការ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៨ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រការ៦ តាមអាសយដ្ឋាន ៖ http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1078.html)
37. តើបុគ្គលិកអប់រំប្រព្រឹត្តកំហុសអ្វីខ្លះ ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី១?
បុគ្គលិកអប់រំបានប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងការប្រឡងដូចខាងក្រោម ត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី១ ដោយមិនទាន់គិតពីទោសតាមក្រមព្រហ្មទណ្ឌ៖
ក.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង
-
បង្កើតបណ្ដាញស្វែងរកផលកម្រៃពីការប្រឡង
-
យកទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងខុសពីគោលការណ៍ណែនាំរបស់ក្រសួង
-
ផ្ដល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា
-
ជួយលាក់កំបាំងទង្វើខុសឆ្គងរបស់គណៈមេប្រយោគ ឬគណៈកម្មការប្រឡង
-
ចូលរួម ឬឱ្យអ្នកផ្សេងធ្វើគណៈមេប្រយោគជំនួស
-
មិនចូលរួមប្រជុំដោយគ្មានមូលហេតុ និង /ឬមិនអនុវត្តតាមការណែនាំបច្ចេកទេសប្រឡង
-
មិនបានអនុវត្តពេញលេញតាមភារកិច្ចគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដូចមានចែងក្នុងកម្រងភារកិច្ចរបស់គណៈមេប្រយោគ តាមការកំណត់របស់ក្រសួង។
ខ.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរតាមមណ្ឌលសំណេរ
-
អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លងសំណៅឯកសារ
-
គំរាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង
-
ធ្វើ ឬយកចម្លើយវិញ្ញាសាឱ្យបេក្ខជន
-
បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញាសា
-
អនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងបន្ទប់ប្រឡង
-
អនុញ្ញាតឱ្យបេក្ខជននិយាយឆ្លើយឆ្លងគ្នា ឬដើរពីតុមួយទៅតុមួយ
-
យកសំណៅឯកសារពីអ្នកដទៃ ឬពីបេក្ខជនម្នាក់ទៅឱ្យបេក្ខជនម្នាក់ទៀតចម្លង
-
ធ្វើឱ្យរំខានដល់បេក្ខជនក្នុងពេលប្រឡង
-
ប្ដូរប្លង់តុឱ្យបេក្ខជនខុសពីការកំណត់របស់គណៈមេប្រយោគ។
គ.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរមណ្ឌលកំណែ
-
មិនកែតាមអត្រាកំណែដែលបានសម្រេច
-
ដើរចេញទៅក្រុមកំណែផ្សេងខុសពីក្រុមរបស់ខ្លួន
-
រំខានអ្នកដទៃក្នុងដំណើរការកំណែ
-
ដាក់ពិន្ទុខុសប្រក្រតីក្នុងការកែសន្លឹកកិច្ចការបេក្ខជន
-
បញ្ចូល ឬបង្ហោះអត្រាកំណែ កិច្ចការបេក្ខជន ឯកសារប្រឡងផ្សេងៗទៀតតាមបណ្ដាញសង្គមនានាក្នុងពេលដំណើរការកំណែ។
ឃ.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូក និងប្រកាសលទ្ធផល
-
ផ្ទៀងផ្ទាត់ពិន្ទុមិនបានត្រឹមត្រូវ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៨ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រការ៧ តាមអាសយដ្ឋាន ៖http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1078.html)
38. តើការប្រព្រឹត្តកំហុសអ្វីខ្លះ ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី២?
បុគ្គលិកអប់រំដែលបានប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងការប្រឡងដូចខាងក្រោម ត្រូវទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី២ ដោយមិនទាន់គិតពីទោសតាមក្រមព្រហ្មទណ្ឌ៖
ក.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង
-
ផ្ដល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការប្រឡងនានា
-
ធ្វើឱ្យបែកធ្លាយវិញ្ញាសាមុនពេលប្រឡង
-
ប្ដូរសន្លឹកកិច្ចការឱ្យបេក្ខជនក្រោយពេលប្រឡងរួច
-
ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទខុសពីគោលការណ៍
-
បញ្ចុះបញ្ចូលបេក្ខជន ឬអ្នកអាណាព្យាបាលឱ្យសូកប៉ាន់ដើម្បីប្រឡងជាប់ ឬទទួលបាន និទ្ទេសល្អ
-
សរសេរបន្ថែមខ្លឹមសារលើសន្លឹកកិច្ចការបេក្ខជន។
ខ.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលសំណេរ
-
ជួយធ្វើចម្លើយឱ្យបេក្ខជន និងធ្វើចរាចរចម្លើយពីបន្ទប់ប្រឡងមួយទៅបន្ទប់មួយទៀត
-
ជួយបេក្ខជនដោយសហការគ្នាមើលផ្លូវគណៈគ្រប់គ្រង
-
ផ្ដល់សញ្ញាឱ្យបេក្ខជន ឬផ្ដល់លេខសម្ងាត់ដល់អ្នកកែដើម្បីជាសញ្ញាសម្រាប់កែកិច្ចការ
-
អនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់ប្រឡង
-
ធ្វើឱ្យបាត់វិញ្ញាសាប្រឡង ឬធ្វើឱ្យបេក្ខជនយកវិញ្ញាសា ទៅក្រៅបន្ទប់ប្រឡង ឬមណ្ឌលប្រឡង
-
អនុញ្ញាតឱ្យអ្នកដទៃ ប្រឡងជំនួសបេក្ខជន
-
ទទួលប្រាក់សំណូកពីបេក្ខជនជាថ្នូរនឹងការចម្លង ឬធ្វើចម្លើយឱ្យបេក្ខជន
-
បង្កើតក្រុមធ្វើចម្លើយក្នុងពេលកំពុងដំណើរការប្រឡង។
គ.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលកំណែ
-
ធ្វើឱ្យបែកធ្លាយអក្សរសម្ងាត់
-
សរសេរខ្លឹមសារបន្ថែមលើសន្លឹកកិច្ចការបេក្ខជន
-
យកទូរសព្ទចូលក្នុងបន្ទប់កំណែ បន្ទប់បែងចែកសន្លឹកកិច្ចការ បន្ទប់ស្រង់បូកពិន្ទុ បន្ទប់បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ និងបន្ទប់ផ្ទៀងផ្ទាត់ពិន្ទុ
-
ប្រើទូរស័ព្ទដៃក្នុងបរិវេណមណ្ឌលកំណែ ឬក្នុងពេលម៉ោងអនុវត្តការងារ
-
បណ្ដែតបណ្ដោយឱ្យមានភាពអសកម្មក្នុងមណ្ឌលកំណែ ឬក្នុងបន្ទប់ប្រតិបត្តិការការងារ
-
បង្កភាពអសកម្មរារាំងដល់ដំណើរការបំពេញការងារ ឬរំខានដល់ការងាររបស់គណៈកម្មការ ឬអ្នកពាក់ព័ន្ធក្នុងការបំពេញការងារក្នុងមណ្ឌលកំណែ
-
យកវិញ្ញាសា និងអត្រាកំណែចេញក្រៅមណ្ឌលកំណែតាមគ្រប់មធ្យោបាយ
ឃ.ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូក និងប្រកាសលទ្ធផល
-
កែ ឬបន្ថែមពិន្ទុលើសន្លឹកស្រង់ពិន្ទុ (MCS)
-
ធ្វើឱ្យបាត់សន្លឹកស្រង់ពិន្ទុ (MCS)
-
កែ ឬគ្រប់គ្រងទិន្នន័យមិនបានត្រឹមត្រូវ។
(សម្រាប់ព័ត៌មានលម្អិតសូមអានប្រកាសលេខ ១០៧៨ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រការ៧ តាមអាសយដ្ឋាន ៖http://moeys.gov.kh/index.php/kh/laws-and-legislations/prakas/p19-1078.html)
39. នៅមុនដំណើរការសំណេរ តើគ្រឹះស្ថានសិក្សាដែលបានកំណត់ជាមណ្ឌលប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
ធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
-
រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្ហាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់
-
រៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា និងរៀបចំតុកៅអីសម្រាប់បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ
-
រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជន ដោយរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះរបស់ខ្លួន
-
រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ ដោយមានទឹក និងសាប៊ូជាប្រចាំ
-
ត្រៀមបម្រុងម៉ាស់ការពារសម្រាប់ចែកជូនដល់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជននៅពេលចាំបាច់
-
រៀបចំទីកន្លែង និងឧបករណ៍សម្រាប់វាស់កម្ដៅនៅតាមមណ្ឌលប្រឡងនៅទីតាំងសមស្រប ៖ ពេលព្រឹកសម្រាប់បេក្ខជនមកពិនិត្យឈ្មោះ និងពេលរសៀលសម្រាប់គណៈមេប្រយោគចូលរួមប្រជុំ
-
ពិនិត្យអត្តសញ្ញាណរបស់បេក្ខជន និងបិទស្ទីកឃឺ “កម្ដៅធម្មតា” លើបណ្ណសម្គាល់ខ្លួនសិស្ស ឬសលាកបត្រឯកត្តជន និងស្លាកសញ្ញារបស់គណៈមេប្រយោគ និងគណៈកម្មការនានា។
40. នៅមុនដំណើរការសំណេរ តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
ទទួលទានដំណេក បរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសុខភាព ជាពិសេសត្រូវទទួលទានអាហារពេលព្រឹក
-
ប្រកាន់ខ្ជាប់ក្បួនអនាម័យជាប្រចាំ ដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ ព្រមទាំងលាងសម្អាតដៃឱ្យបានញឹកញាប់
-
ត្រៀមបម្រុងសម្ភារៈអនាម័យដូចជាម៉ាស់ការពារ អាល់កុល ឬជែលលាងដៃ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅពេលប្រឡង
-
ត្រៀមសម្ភារៈការពារកម្ដៅថ្ងៃ និងភ្លៀង ដូចជា មួក ឆ័ត្រ ឬអាវភ្លៀង សម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅមណ្ឌលប្រឡង
-
ពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរនៅទីសាធារណៈ និងក្នុងពេលចាំបាច់
-
ផ្អាកការធ្វើដំណើរទៅទីកន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើន កន្លែងចិញ្ចឹម ឬលក់សត្វរស់
-
ឬទីកន្លែងដែលមានហានិភ័យនៃការចម្លងជំងឺកូវីដ១៩
-
ផ្អាកការប្រើប្រាស់គ្រឿងស្រវឹង ផលិតផលថ្នាំជក់ ឬភេសជ្ជៈដែលប៉ះពាល់ដល់សុខភាព
-
ស្វែងរកកន្លែងស្នាក់នៅ និងកន្លែងទទួលទានអាហារ ប្រកបដោយសុវត្ថិភាព
-
គោរពច្បាប់ចរាចរ និងបើកបរដោយប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅមណ្ឌលប្រឡងដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
41. នៅមុនដំណើរការសំណេរ តើក្រុមការងារសុខភាពត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
រៀបចំបន្ទប់សុខភាព ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និងបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្តៅលើសពី ៣៧,៥អង្សារសេ និងបន្ទប់ដោយឡែកសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព
-
រៀបចំសម្ភារៈអនាម័យដូចជា សាប៊ូ អាល់កុល ឬជែលលាងដៃ និងសម្ភារៈការពារសុវត្ថិភាពដូចជា អាវការពារសុវត្ថិភាព (PPE) ស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈមេប្រយោគ និងគណៈកម្មការនានា ប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសេបន្ទប់ប្រឡងដោយឡែក សម្រាប់បេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ និងមានបញ្ហាសុខភាព
-
រៀបចំចងខ្សែកំណត់ទីតាំងគម្លាតសុវត្ថិភាព ដាក់បង្ហាញនូវសញ្ញា និងទិសដៅនៃការចល័តចេញចូល នៅក្នុងបរិវេណមណ្ឌលប្រឡង ដោយរក្សាគម្លាតយ៉ាងតិចបំផុត ១,៥ម៉ែត្រ
-
រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីចាត់វិធានការសង្គ្រោះស្របតាមវិធានវេជ្ជសាស្ដ្ររបស់ក្រសួងសុខាភិបាល។
42. ក្នុងដំណើរការសំណេរ តើគ្រឹះស្ថានសិក្សាដែលបានកំណត់ជាមណ្ឌលប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីចាត់វិធានការសង្គ្រោះតាមពិធីសារវេជ្ជសាស្ត្ររបស់ ក្រសួងសុខាភិបាល
-
រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព
-
ត្រៀមសម្ភារៈការពារសុវត្ថិភាពដូចជា ស្រោមដៃ ម៉ាស់ការពារ សម្ភារៈរម្ងាប់មេរោគ សម្រាប់ គណៈមេប្រយោគ និងគណៈកម្មការនានា ប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួននៅបន្ទប់ ប្រឡងដែលមានបេក្ខជនមានកម្ដៅលើសពី៣៧,៥អង្សាសេ
-
បើកទ្វារបង្អួចបន្ទប់ប្រឡងឱ្យមានខ្យល់ ពន្លឺគ្រប់គ្រាន់ និងរក្សាសីតុណ្ហភាពក្នុងបន្ទប់ប្រឡង មិនឱ្យទាបជាង២៤អង្សាសេ ចំពោះបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
43. នៅមុនពេលចូលក្នុងបន្ទប់ប្រឡង តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
ណែនាំឱ្យបេក្ខជនតម្រង់ជួរ ដោយរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង លើកលែងតែពេលផ្ទៀងផ្ទាត់មុខបេក្ខជនជាមួយសលាកបត្រឯកត្តជន
-
បើកទ្វាបង្អួច បន្ទប់ប្រឡងឱ្យមានខ្យល់ ពន្លឺគ្រប់គ្រាន់ និងរក្សាសីតុណ្ហភាពក្នុងបន្ទប់ប្រឡងមិនឱ្យទាបជាង២៤អង្សារសេចំពោះបន្ទប់ដែលមានម៉ាស៊ីនត្រជាក់
-
ប្រើប្រាស់សម្ភារៈការពារសុវត្ថិភាព (PPE) កម្រិត២ សម្រាប់គណៈមេប្រយោគ និងឬគណៈកម្មការដែលបំពេញការងារនៅបន្ទប់បេក្ខជនមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលមានបញ្ហាសុខភាព។
44. ក្នុងដំណើរការសំណេរ តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
-
ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពែលសម្រាក ឆ្លងវិញ្ញាសា និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ
-
ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាព ដូចជាឡើងកម្តៅ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម
-
ណែនាំឱ្យបេក្ខជនគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួនត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង។
45. នៅក្រោយដំណើរការសំណេរ តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡងត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
ប្រើស្រោមដៃក្នុងការវេចខ្ចប់សន្លឹកកិច្ចការបេក្ខជនក្នុងបន្ទប់ដាច់ដោយឡែក ចំពោះដុំសន្លឹកកិច្ចការដែលត្រូវបានបញ្ចូលសន្លឹកកិច្ចការរបស់បេក្ខជនមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលមានបញ្ហាសុខភាព ត្រូវវេចខ្ចប់ជាមួយថង់សុវត្ថិភាពដែលបានផ្តល់ជូន និងរម្ងាប់មេរោគផ្ទៃខាងក្រៅថង់ក្រោយពេលវេចខ្ចប់រួចដោយបាញ់អាល់កុល
-
រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាប ដោយបាញ់អាល់កុល ឬជូតសម្អាត និងកន្លែងចាប់កាន់ញឹកញាប់ ក្រោយបញ្ចប់ដំណើរការសំណេរពេលព្រឹក និងពេលរសៀល និងមុនពេលចាកចេញពីបន្ទប់ប្រឡង ក្រោយពេលបញ្ចប់ដំណើរការសំណេរពេលព្រឹក និងពេលរសៀល និងមុនចាកចេញពីបន្ទប់ប្រឡង ជាពិសេសបន្ទប់បេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ និងបន្ទប់បេក្ខជនដែលមានបញ្ហាសុខភាព
-
រៀបចំប្រមូល វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពិសេសម៉ាស់ ស្រោមដៃ និងសម្ភារៈការពារសុវត្ថិភាព (PPE) ដែលបានប្រើប្រាស់រួច។
46. នៅក្នុងដំណើរការកំណែ តើក្រុមការងារសុខភាពមណ្ឌលកំណែត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
រៀបចំបន្ទប់សុខភាព ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម
-
រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការដើម្បីចាត់វិធានការសង្គ្រោះតាមពិធីសារវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល
-
រៀបចំសម្ភារៈអនាម័យដូចជា សាប៊ូ អាល់កុល ឬជែលលាងដៃ និងត្រៀមសម្ភារៈការពារសុវត្ថិភាពដូចជាស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈកម្មការកំណែ និងគណៈកម្មការនានាប្រើប្រាស់ពែលបំពេញភារកិច្ចរបស់ខ្លួន។
47. នៅក្នុងដំណើរការកំណែ តើគណៈកម្មការកំណែទាំងអស់ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
-
ប្រើប្រាស់ស្រោមដៃជាប្រចាំសម្រាប់កំណែសន្លឹកកិច្ចការបេក្ខជនដែលមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលមានបញ្ហាសុខភាព
-
ពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវជាប្រចាំនៅមណ្ឌលកំណែ និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ
-
រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងហាមការប៉ះពាល់ក្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
-
អនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាក
-
ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលកំណែ ក្នុងករណីមានបញ្ហាសុខភាព។
48. មុនដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ តើមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រត្រូវអនុវត្តស្តង់ដាអនាម័យដូចម្តេចខ្លះ?
-
ធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
-
រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យដោយមានទឹក និងសាប៊ូជាប្រចាំ
-
រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ និងកន្លែងចាប់កាន់ញឹកញាប់
-
ពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណមណ្ឌល
-
រៀបចំតុ កៅអី សម្រាប់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ។
49. មុនដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ តើក្រុមការងារសុខភាពមណ្ឌលស្រង់បូកពិន្ទុដោយ កុំព្យូទ័រត្រូវអនុវត្តស្តង់ដាអនាម័យដូចម្តេចខ្លះ?
-
រៀបចំបន្ទប់សុខភាព ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម
-
រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីចាត់វិធានការសង្គ្រោះតាមពិធីសារវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល
-
រៀបចំសម្ភារៈអនាម័យដូចជាសាប៊ូ អាល់កុល ឬជែលលាងដៃ និងត្រៀមសម្ភារៈការពារសុវត្ថិភាពដូចជា ស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងគណៈកម្មការនានាប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួន។
50. ក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ តើក្រុមការងារសុខភាពមណ្ឌលស្រង់បូកពិន្ទុដោយ កុំព្យូទ័រត្រូវអនុវត្តស្តង់ដាអនាម័យដូចម្តេចខ្លះ?
-
ត្រួតពិនិត្យ និងណែនាំដល់គណៈកម្មការស្រង់ បូកពិន្ទដោយកុំព្យូទ័រ និងគណៈកម្មការនានាអនុ វត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព សុវត្ថិភាព ក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ និង មានបញ្ហាមិនស្រួលខ្លួនត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅមណ្ឌលស្រង់
-
បូកពិន្ទុដោយកុំព្យូទ័រ។
51. ក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ គណៈកម្មការស្រង់បូកពិន្ទុដោយ កុំព្យូទ័រត្រូវអនុវត្តស្តង់ដាអនាម័យដូចម្តេចខ្លះ?
-
ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ
-
រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងហាមឃាត់ការប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា
-
អនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាក
-
ត្រូវជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការនៅតាមមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានបញ្ហាសុខភាព។