ចក្ខុវិស័យ

ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺបង្កើត និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់បំផុត ដើម្បីអភិវឌ្ឍសង្គមផ្អែកលើចំណេះដឹងនៅកម្ពុជា។


បេសកកម្ម

ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មក្នុងការរៀបចំ និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា រួមទាំងសមត្ថភាព និងការទទួលខុសត្រូវរបស់ក្រសួងរួមមាន ការអភិវឌ្ឍធនធានមនុស្ស និងគុណភាពនៃធនធានមនុស្ស តាមរយៈគោលនយោបាយ ផែនការជាតិ ការបង្កើតច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ដើម្បីបំពេញការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការទទួលខុសត្រូវតាមនាយកដ្ឋានជំនាញ និងគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា តាមរាជធានី-ខេត្ត។


គោលដៅ

ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាពលរដ្ឋ និងតម្រូវការជាក់លាក់របស់ តំបន់ និងសកលភាវូបនីយកម្ម។


គោលបំណងគោលនយោបាយ

ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់គោលនយោបាយអប់រំចំនួន ២ និងអាទិភាពសំខាន់ៗ ដូចខាងក្រោម៖
គោលនយោបាយទី១ ៖ ធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ការអភិវឌ្ឍយុវជន និងការលើកកម្ពស់វិស័យកីឡា
គោលនយោបាយទី២ ៖ ពង្រឹងសមត្ថភាពស្ថាប័នដើម្បីធានាស័ក្ដសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់។