1. Home
  2. /
  3. ក្រសួង
  4. /
  5. គម្រោងអប់រំ
  6. /
  7. គម្រោងកែលម្អការអប់រំឧត្តមសិក្សា
  8. /
  9. របាយការណ៍​ស្តីពី​ដំណើរ​ការផ្គត់ផ្គង់​សម្ភារបរិក្ខារ​បង្រៀននិង​រៀន​វិទ្យាសាស្រ្ត ​ដល់​វិទ្យាល័យ​ទូទាំង​ប្រទេស
របាយការណ៍​ស្តីពី​ដំណើរ​ការផ្គត់ផ្គង់​សម្ភារបរិក្ខារ​បង្រៀននិង​រៀន​វិទ្យាសាស្រ្ត ​ដល់​វិទ្យាល័យ​ទូទាំង​ប្រទេស

ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​និង​កំពុង​អនុវត្ត​គម្រោង​និង​កម្មវិធី​ជា​ច្រើន​ សំដៅ​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​សេវា​អប់រំ ដែល​ជា​គោលនយោបាយ​ចម្បង​មួយ​ផែនការ​យុទ្ធសាស្ត្រ​ វិស័យ​អប់រំ​ឆ្នាំ ២០០៩-២០១៣ ។

ការ​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​សេវា​អប់រំ​ គឺ​ជា​កង្វល់​មួយ​ដែល​មិន​អាច​គ្រាន់​តែ​និយាយ​ទេ គឺ​ចាំបាច់​ត្រូវ​រិះរក​វិធានការ​សក្ដិសិទ្ធិ​មក​អនុវត្ត​ ដែល​ក្នុង​នោះ​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ​ EEQP បាន​រៀបចំ និង​កំណត់​សកម្មភាព​ជា​អាទិភាព សម្រាប់​អនុវត្ត​ដើម្បី​បុព្វហេតុ​នេះ ។

គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ​បាន​អនុវត្ត​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ធនាគារ​អភិវឌ្ឍន៍​ ​អាស៊ី​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ២៧.១០ លាន​ដុល្លារ​អាមេរិក ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ នា​ថ្ងៃ​ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០០៨ ដោយ​មាន​រយៈ​ពេល​អនុវត្ត ០៦ ឆ្នាំ។​ គម្រោង EEQP មាន​សមាសភាគ​ ៣ រួមមាន ១.​ ការ​អភិវឌ្ឍ​និង​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ ២. ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូ​បង្រៀន​ និង ៣. ការ​ពង្រឹង​ការ​អប់រំ​នៅ​មធ្យមសិក្សា​ ។
នៅ​ក្នុង​សមាសភាគ​ពង្រឹង​ការ​អប់រំ​នៅ​មធ្យមសិក្សា​នេះ គម្រោង​បាន​អនុវត្ត​សកម្មភាព​ជាច្រើន​ រួម​មាន ការ​អភិវឌ្ឍ​កម្មវិធីសិក្សា ការ​ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល​ ការ​បំប៉ន​សមត្ថភាព​ដឹកនាំ​និង​គ្រប់គ្រង​ដល់​នាយកវិទ្យាល័យ និង​ដល់​ប្រធាន​ក្រុម​បច្ចេកទេស ។ ទន្ទឹម​នឹង​ការ​បំប៉ន​នេះ​ គម្រោង​ត្រូវ​សាងសង់ អគារ​ធនធាន​ចំនួន ១៨ (សាងសង់​​រួច​ចំនួន ៨ កំពុង​សាងសង់ ៤ និង​ត្រៀម​សាងសង់ ៦) ព្រមទាំង​បាន​បំពាក់​សង្ហារឹម សម្ភារបរិក្ខារ​ពិសោធន៍​វិទ្យាសាស្រ្ត បរិក្ខារ​កុំព្យូទ័រ និង បណ្ណាល័យ។ ក្រៅ​ពី​នេះ គម្រោង​បាន​បំពាក់​សម្ភារបរិក្ខារ​បង្រៀន​និង​រៀន​វិទ្យាសាស្ត្រ​ដល់​វិទ្យាល័យ​នៅ​ទូទាំង ប្រទេស​ចំនួន ៣៤៧ បន្ថែម​ទៀត ដែល​មិនមែន​ជា​វិទ្យាល័យ​ធនធាន។​ សម្ភារបរិក្ខា​ដែល​ត្រូវ​ប្រគល់​ជូន​វិទ្យាល័យ​រួមមាន​ សម្ភារបរិក្ខា​សម្រាប់​បង្រៀន​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដីវិទ្យា ។ គោលបំណង​នៃ​ការ​ផ្តល់​សម្ភារបរិក្ខា​ទាំងនោះ​ គឺ​ដើម្បី​ជំរុញ​ការ​បង្រៀន​និង​រៀន​ឲ្យ​មាន​គុណភាព​និង​ប្រសិទ្ធភាព​ស្រប​តាម​ពាក្យស្លោក ​ទ្រឹស្ដី​ផ្សារភ្ជាប់​នឹង​ការ​អនុវត្ត​ជាក់ស្ដែង ។

ក្នុង​ដំណើរការ​ផ្គត់ផ្គង់​សម្ភារបរិក្ឋារ​បង្រៀន​និង​រៀន​វិទ្យាសាស្រ្ត​នេះ គម្រោង EEQP បាន​ធ្វើ​ការ​ជ្រើសរើស​ក្រុមហ៊ុន​ផ្គត់ផ្គង់ ដោយ​ចាប់​ផ្តើម​ដំណើរការ​ជ្រើសរើស​ពី​ខែ មីនា ឆ្នាំ២០១១ តាម​នីតិវិធី​ការប្រកួត​ប្រជែង​អន្តរជាតិ (ICB) ហើយ​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចំនួន ៦ ចូលរួម​ធ្វើការ​ដេញថ្លៃ ។ ដំណើរការ​ជ្រើសរើស​នេះ​បាន ចំណាយ​អស់​រយៈ​ពេល ៦ខែ រហូត​ដល់​ថ្ងៃ​ទី ០១ ខែ​សីហា ឆ្នាំ២០១១ ទើប​បាន​ចុះហត្ថលេខា លើ​កិច្ច​សន្យា​ជូន​ក្រុមហ៊ុន Envisioning Co., Ltd ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ទទួល​បាន​ក្នុង​តម្លៃ​សរុប​ចំនួន ៦០៧,៥២៧.៦០ ដុល្លារ​សហរដ្ឋអាមេរិក ។ សម្ភារ​បរិក្ខារ​ចំនួន ៥៧ មុខ ដែល​វិទ្យាល័យ​នីមួយ​ៗត្រូវ​ទទួល​បាន​ និង​គិត​ជា​តម្លៃ​ស្មើ​នឹង ១,៧៥០.៨០ ដុល្លារ​ ចែក​ចេញ​ជា​ ៖

1.បរិក្ខារ​រូបវិទ្យា​ចំនួន ១៨ មុខ ​ មានតម្លៃ USD២៧៨.៦០
2. បរិក្ខារ​គីមីវិទ្យា​ចំនួន ១៩ មុខ មានតម្លៃ USD១១៦
​3. បរិក្ខារ​ជីវៈវិទ្យា​ចំនួន ១៣ មុខ មានតម្លៃ USD១,២៤៤.៣០
​4. បរិក្ខារ​ផែនដី​វិទ្យា​ចំនួន ៧ មុខ មានតម្លៃ USD១១១.៩០

សម្ភារបរិក្ខារ​ទាំង​នេះ​នាំ​ចូល​ពី​ប្រទេស​ចិន​ចំនួន ២០ មុខ មាន​តម្លៃ​សរុប USD 413,207.60 ពី​ប្រទេស​ឥណ្ឌា​ចំនួន ៣៥ មុខ​មាន​តម្លៃ​សរុប USD 182,730.20 និង​ផលិត​ក្នុង​ស្រុក​ចំនួន ២មុខ​ មាន​តម្លៃ​សរុប USD 11,589.80។​

ក្រោយ​ពី​បាន​នាំ​ចូល​សម្ភារបរិក្ខារ​ពី​ក្រៅ​ប្រទេស​រួច​មក​ ក្រុមហ៊ុន​ផ្គត់ផ្គង់​បាន​ធ្វើ​ការ​ដឹកជូន​និង​ប្រគល់​ជូន​ដល់​វិទ្យាល័យ​មួយ​ចំនួន ចាប់​ពី​ថ្ងៃទី​ ០១ ខែ មករា ឆ្នាំ ២០១២ ហើយ​ដែល​នឹង​បញ្ចប់​នា​ចុង​ខែ​មករា​នេះ ។​ ក្រុម​ហ៊ុន​បាន​ដឹក​ជូន​ដល់​វិទ្យាល័យ​ហើយ​ចុះហត្ថលេខា​ប្រគល់​ទទួល​រវាង​ក្រុមហ៊ុន​និង​នាយក​វិទ្យាល័យ​លើ​ប័ណ្ណប្រគល់​ទទួល ។
នៅ​ថ្ងៃ​នេះ គម្រោង EEQP បាន​រៀប​ចំ​ពិធី​ប្រគល់​សម្ភារបរិក្ខា​បង្រៀន​និង​រៀន​វិទ្យាសាស្រ្ត ជា​និម្មិត​រូប ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។​​