
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ក្នុងនីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា។
លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ១៩៨៨ និងបណ្ឌិតនៅឆ្នាំ១៩៩១ ផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានទំនាក់ទំនងអន្តរ-ជាតិក្រុងម៉ូស្កូ ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រងពីវិទ្យាស្ថានធានា រ៉ាប់រង (CII) ប្រទេសអង់គ្លេស និងវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី (MII)។ នៅឆ្នាំ២០១២ លោកបណ្ឌិតទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក នីតិសាស្ត្រអន្តរជាតិពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច នៅកម្ពុជា និងពីសាកលវិទ្យាល័យ Lyon II នៃសាធារណរដ្ឋបារាំង ព្រមទាំងទទួលបានវិញ្ញាបនបត្រផ្នែកនីតិសមុទ្រពីបណ្ឌិត្យសភា Rhodes ផ្នែកនីតិសាស្រ្ត និងគោលនយោបាយសមុទ្រ។ នៅឆ្នាំ២០១៨ លោកបណ្ឌិត ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកអប់រំពីសាកលវិទ្យាល័យចូឡាឡុងកន។
លោកបណ្ឌិតធ្លាប់បានបម្រើការងារក្នុងបេសកកម្មការទូត និងក្នុងវិទ្យាស្ថានស្រាវជ្រាវ ជាអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច។ ចាប់តាំងពី ឆ្នាំ១៩៩៩មក លោកបណ្ឌិតបានចូលបម្រើការងារក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបន្ទុកការងារសំខាន់ៗរួមមាន អ្នកសម្របសម្រួលការងារស្រាវជ្រាវនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងជាអនុប្រធានទី១នៃនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ។ បន្ទាប់មក ក្នុងឆ្នាំ២០០១ លោកបណ្ឌិតបានត្រូវតែងតាំងជាអគ្គលេខាធិការរងទទួលបន្ទុកគោលនយោបាយរួមមាន គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ ហិរញ្ញវត្ថុ កិច្ចការអាស៊ាន ឧស្សាហកម្ម ហិរញ្ញវត្ថុ ការវិភាគសេដ្ឋកិច្ច និងទទួលបន្ទុកក្នុងការសម្របសម្រួលជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank)។ ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១០ លោកបណ្ឌិតត្រូវបានតែងតាំងជាអគ្គ-លេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបណ្ឌិតធ្លាប់ចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ានបូកបី ពីឆ្នាំ២០០០ដល់២០១០។ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៣ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងតួនាទីនេះលោកធ្លាប់ធ្វើជាតំណាងប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាល G20 ក្នុងឋានៈដែលប្រទេសកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០១២។ លោកបណ្ឌិតក៏បម្រើការងារជាអ្នកសម្របសម្រួលកិច្ចពិភាក្សាគោលនយោបាយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក(World Bank)។
ក្នុងតំណែងជាអនុប្រធានប្រចាំការនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ដែលជាស្ថាប័នខាងផ្នែកគោលនយោបាយសេដ្ឋកិច្ចនៃរាជរដ្ឋា-ភិបាលកម្ពុជា លោកបណ្ឌិតបានសរសេរឯកសារគោលនយោបាយជាច្រើន និងបានអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងសន្និសីទអន្តរជាតិ ដូចជា មហាសន្និបាតអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិការអន្តរជាតិជាច្រើនទៀត។
លោកបណ្ឌិតបាននិពន្ធសៀវភៅជាច្រើនក្បាល ជាភាសាខ្មែរ អង់គ្លេស និងបារាំង ស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអប់រំ អក្សរសិល្ប៍ ទស្សនវិជ្ជា ។ល។ ហើយស្នាដៃមួយ ក្រោមចំណងជើងថា «Cambodian Economy: Charting the Course for a Bright Future» ត្រូវបានជ្រើសរើសបោះពុម្ពផ្សាយ ដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS) នៃប្រទេសសិង្ហបុរី។ ស្នាដែចុងក្រោយរបស់លោក គឺ «បរិវត្តកម្មឌីជីថលនៃការអប់រំ៖ បំណិនសតវត្សទី២១ និងកំណែទម្រង់វិធីសាស្រ្តបង្រៀន»។
ស្នាដៃរបស់អ្នកនិពន្ធ
- L’Économie du Cambodge : La lutte pour le développement, 2005
- Essais économiques, 2007
- Les finances publiques du Cambodge, 2007
- Cambodia: Recent Macroeconomic and Financial Sector Development, 2008
- Three Essays on Macroeconomic Management of Cambodia, 2008
- Introduction to Insurance, 2008
- ម៉ាក្រូសេដ្ឋកិច្ច – ឆ្នាំ២០០៩
- Public Finance in Cambodia, 2009
- ហិរញ្ញវត្ថុសាធារណៈ – ឆ្នាំ២០០៩
- ប្រាសាទព្រះវិហារ – ឆ្នាំ២០០៩
- Cambodian Economy: Chartering the Course of a Brighter Future. A Survey of Progress, Problems and Prospects, 2009
- L’économie du Cambodge: Nouvelles frontières du développement socio-économique, 2010
- Regards sur le différend maritime khméro-thaïlandais à la lumière de la jurisprudence internationale, 2012
- ទស្សនាទានស្តីពីវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃឡង់ដ៍ ក្នុងបរិបទនៃយុត្តិការអន្តរជាតិ – ឆ្នាំ២០១៣
- សេដ្ឋកិច្ចកម្ពុជា ៖ មាគ៌ាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង៖ វឌ្ឍនភាព បញ្ហាប្រឈម និងទស្សនវិស័យទៅអនាគត – ឆ្នាំ២០១៥
- កំណែទម្រង់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា៖ មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព – ឆ្នាំ២០១៦
- គោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេសនៃប្រទេសកម្ពុជា នាសម័យទំនើបនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ទសវត្សរ៍ ឆ្នាំ១៩៨០) – ឆ្នាំ២០១៧
- នីតិអន្តរជាតិសេដ្ឋកិច្ច – ឆ្នាំ២០១៧
- Series of Lectures in Public International Law, 2018
- សិក្សាសង្ខេបស្ដីពីទស្សនវិជ្ជា – ឆ្នាំ២០១៨
- Droit International Économique, 2018
- Education Reform in Cambodia, 2018
- វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរក្នុងការលើកកម្ពស់អំណាននៅកម្ពុជា – ឆ្នាំ២០១៩
- 31 Lectures on the International Law of the Sea, 2019
- ប្រវត្តិសាស្ត្រកម្ពុជា ក្នុងបរិបទសកលលោក – ឆ្នាំ ២០១៩
- កំណាព្យអប់រំ-ឆ្នាំ២០០៩
- អក្សរសិល្ប៍ និងភាសាខ្មែរសម័យមុនអង្គរ និងសម័យអង្គរ តាមរយៈ សិលាចារឹក-ឆ្នាំ២០២០
- កំណែទម្រង់សាលារៀននៅកម្ពុជា – ឆ្នាំ២០២០
- ជំនួយស្មារតីសម្រាប់សិស្សថ្នាក់ទី១២ – គណិតវិទ្យា-ឆ្នាំ២០២០
- ទស្សនវិជ្ជា និងទ្រឹស្តីស្តីពីការអប់រំ – ឆ្នាំ២០២១
- អក្សរសិល្ប៍ និងភាសាខ្មែរកណ្ដាល តាមរយៈសិលាចារឹកនគរវត្ត -ឆ្នាំ២០២១
- Education Management Reform Strategies for Enchaining the Quality Citizenship in Cambodia, 2021
- បរិវត្តឌីជីថលនៃការអប់រំ បំណិនសតវត្សទី២១ និងកំណែទម្រង់ វិធីសាស្ត្របង្រៀន-២០២១