
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថតរូបអនុស្សាវរីយ៍ជាមួយម្ទាស់ជ័យលាភីនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន។
ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិសម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន បានដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន លើកទី ២៨ (28th ASCC Council Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ ក្នុងនោះកិច្ចប្រជុំបានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផល ចំនួន ៣១ ដោយរួមទាំង «សេចក្ដីថ្លែងការណ៍ស្ដីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» និងគំនិតផ្ដួចផ្ដើមរបស់កម្ពុជាលើសេចក្ដីណែនាំអំពី «ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធន់ក្នុងវិស័យអប់រំ៖ សេចក្តីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថា កុមារ និងយុវជនទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។ ដូចនេះ ខ្លឹមសារក្នុងអត្ថបទនេះនឹងផ្ដោតសំខាន់ទៅលើព័ត៌មាន ជុំវិញកិច្ចប្រជុំក្រុមប្រឹក្សាសសរស្ដម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន លើកទី ២៨ (28th ASCC Council Meeting)។
សសរស្ដម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន គឺជាសសរស្ដម្ភទី ៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រេចឱ្យបាននូវ (១) សហគមន៍ដែលមានការប្ដេជ្ញាចិត្ត ការចូលរួម និងការទទួលខុសត្រូវក្នុងសង្គមដើម្បីផលប្រយោជន៍ប្រជាជនអាស៊ាន (២) សហគមន៍ប្រកបដោយបរិយាប័ន្ន ដែលលើកកម្ពស់គុណភាពជីវិត ការទទួលបានឱកាសប្រកបដោយសមធម៌ និងការលើកកម្ពស់ និងការការពារសិទ្ធមនុស្ស (៣) សហគមន៍ប្រកបដោយនិរន្តភាពដែលលើកកម្ពស់ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន (៤) សហគមន៍ដែលមានភាពធន់រួម ជាមួយការពង្រឹងសមត្ថភាព និងលទ្ធភាព ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃសង្គម និងសេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមថ្មីផ្សេងៗទៀត និង (៥) សហគមន៍ប្រកបដោយភាពស្វាហាប់ និងសុខដុមរមនា ដែលមានការយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន។
ដើម្បីជាការឆ្លើយតបទៅនឹងមូលបទនៃភាពជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០២២ ស្ដីពី «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាអាស៊ានរួមគ្នាធ្វើ (Addressing Challenges Together-ASEAN ACT)» សសរស្ដម្ភសហគមន៍សង្គមវប្បធម៌អាស៊ានកម្ពុជាបានសម្រេចកំណត់យកចំណុចអាទិភាពចំនួន ៤ រួមមាន៖ (១) លើកកម្ពស់តម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ានតាមរយៈការអប់រំ យុវជន កីឡា និងវប្បធម៌ (២) លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងតួនាទីស្ត្រីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង (៣) លើកកម្ពស់សុខភាព សុខុមាលភាព និងកិច្ចគាំពារសង្គមដល់ប្រជាជនអាស៊ាន សំដៅកសាងសហគមន៍អាស៊ាន និង (៤) ពង្រឹងសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពរបស់សហគមន៍សង្គមវប្បធម៌អាស៊ាន។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន លើកទី ២៨ (28th ASCC Council Meeting) ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ចូលរួមក្នុងកម្មវិធីបើកនៃកិច្ចប្រជុំ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ រដ្ឋមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន, អគ្គលេខាធិការរងអាស៊ាន, លេខាធិការអាស៊ាន, ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន, និងតំណាងអចិន្ត្រៃយ៍របស់សហគមន៍សង្គមវប្បធម៌អាស៊ាន នៃប្រទេសជាសមាជិកអាស៊ាន។ អង្គប្រជុំបានគាំទ្រឯកសារលទ្ធផលចំនួន១១ ដែលនឹងត្រូវយកទៅអនុម័ត និងឯកសារលទ្ធផលចំនួន២០ ដែលនឹងត្រូវយកទៅកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នាពេលខាងមុខ។
អង្គប្រជុំបានពិភាក្សាផងដែរ អំពីវឌ្ឍនភាពនៃការអនុវត្តផែនការមេសហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥, កិច្ចការឆ្លងវិស័យ និងឆ្លងសសរស្តម្ភ, និងវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមកន្លងមក ដែលរួមមាន ក្របខ័ណ្ឌអាស៊ានសម្រាប់ការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ, ក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំ, សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥, សេចក្តីថ្លែងការណ៍ទីក្រុង Bandar Seri Begawan ស្តីពីការអនុវត្តគ្រប់ជ្រុងជ្រោយ និងបែបយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះអាសន្ន (ASEAN SHIELD), និងបច្ចុប្បន្នភាពនៃសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្ត។
រដ្ឋមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ានទាំង ១០ រូប និងអគ្គលេខាធិការអាស៊ាន បានផ្តល់ទស្សនៈបន្ថែម និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ សម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន។ អង្គប្រជុំបានឯកភាពលើរបាយការណ៍វាយតម្លៃរបស់សហគមន៍សង្គមវប្បធម៌អាស៊ាន ដែលត្រូវបានរៀបចំឡើង បន្ទាប់ពីបេសកកម្មស្វែងរកការពិត ដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ ២០២២ ស្តីពីសំណើបេក្ខភាពរបស់ប្រទេសទីម័រឡេស្ត ចូលជាសមាជិកអាស៊ាន។
អង្គប្រជុំក៏បានស្នើសុំឱ្យមានការពន្លឿនការបញ្ជូន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គមវប្បធម៌អាស៊ាន ទៅកាន់ការិយាល័យតំណាងអចិន្ត្រៃយ៍អាស៊ាន ដើម្បីបំពេញសមាសភាពគណៈកម្មការ និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងស្ថាប័ននៃសហគមន៍សង្គមវប្បធម៌អាស៊ាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន ក៏បានលើក ឡើងពីគំនិតផ្តួចផ្តើមសំខាន់ៗមួយ ចំនួន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ ដែលរួមមាន៖ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីអំពីឆ្នាំយុវជនអាស៊ាន ២០២២, ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធន់ក្នុងវិស័យអប់រំ៖ សេចក្តីណែនាំសម្រាប់ប្រទេសអាស៊ាន, សេចក្តីថ្លែងការណ៍ទីក្រុងសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រឌិត និងបត់បែន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចវប្បធម៌ និងច្នៃប្រឌិត និងសេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន លើកទី ២៨ (28th ASCC Council Meeting) ក៏មានព្រឹត្តិការណ៍អមមួយចំនួនដូចជា វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ពិធីសម្ពោធវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) និងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ជូនជ័យលាភី ក្នុងការប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦ ការប្រកួតប្រជែងរូបថតយុវជនអាស៊ានលើកទី១ និងការជជែកដេញដោលយុវជនអាស៊ានលើកទី១ ផងដែរ។
ជ័យលាភីនៃការប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦៖ លេខ ១ បានទៅលើយុវជនមកពីប្រទេសឡាវ លេខ ២ បានទៅលើយុវជនមកពីប្រទេសហ្វីលីពីន និងលេខ ៣ បានទៅលើយុវជនមកពីប្រទេសម៉ាឡេស៊ី។ ជ័យលាភីនៃការប្រកួតប្រជែងរូបថតយុវជនអាស៊ានលើកទី១៖ លេខ ១ បានទៅលើយុវជនមកពីប្រទេសកម្ពុជា លេខ ២ បានទៅលើយុវជនមកពីប្រទេសថៃ និងលេខ ៣ បានទៅលើយុវជនមកពីប្រទេសកម្ពុជា។ ជ័យលាភីនៃការជជែកដេញដោលយុវជនអាស៊ានលើកទី១៖ លេខ ១ បានទៅលើក្រុមយុវជនមកពីប្រទេសម៉ាឡេស៊ី និងលេខ ២ បានទៅលើក្រុមយុវជនមកពីប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍