1. Home
  2. /
  3. ដំណឹងថ្មីៗ
  4. /
  5. កិច្ចប្រជុំកំពូល ស្តីពី បរិវត្តកម្មប្រព័ន្ធអប់រំនៅទីស្នាក់ការអង្គការសហប្រជាជាតិ (Transforming...
កិច្ចប្រជុំកំពូល ស្តីពី បរិវត្តកម្មប្រព័ន្ធអប់រំនៅទីស្នាក់ការអង្គការសហប្រជាជាតិ (Transforming Education Summit)

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិកំណត់ការអប់រំ ជាអាទិភាពខ្ពស់បំផុតនៃរបៀបវារៈនយោបាយរបស់ខ្លួន ពិភាក្សាលើសកម្មភាពរួមគ្នា និងដំណោះស្រាយ ជាយុទ្ធសាស្រ្តដោយផ្អែកលើភស្តុតាងសម្រាប់ធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ និងការស្តារឡើងវិញនៃការសិក្សាក្នុងបរិបទក្រោយកូវីដ-១៩ និងលើកកកម្ពស់ការចូលរួម និងការគាំទ្ររបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមរបស់យុវជនក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។

កិច្ចប្រជុំកំពូលនេះ បានពិភាក្សាលើ ចំណុចអាទិភាពចំនួន០៥ រួមមាន៖

  1.  ការកែលម្អសាលារៀនឱ្យមានសមធម៌ បរិយាបន្ន សុវត្ថិភាព និងសុខមាលភាព
  2.  លើកកម្ពស់គុណភាពគ្រូបង្រៀន ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន
  3.  លើកកម្ពស់ការសិក្សា រៀនសូត្រ និងបំណិនសម្រាប់ការរស់នៅជាមួយគ្នាការងារ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន
  4.  បរិវត្តកម្មឌីជីថល
  5.  ការបង្កើនហិរញ្ញប្បទានសម្រាប់វិស័យអប់រំ។

ក្នុងកិច្ចប្រជុំកំពូលនេះ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ និងដាក់ជូននូវសេចក្តីថ្លែងការណ៍ស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំកម្ពុជា ដោយបានពិភាក្សាយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ និងបានកំណត់អាទិភាពសំខាន់ៗចំនួន ០៨ រួមមាន៖

  1. ដំណើរការសាលារៀន ការស្តារឡើងវិញនៃការសិក្សា និងការបន្តការសិក្សារបស់សិស្ស
  2. កំណែទម្រង់សាលារៀនដើម្បីអនុវត្តការគ្រប់គ្រងតាមសាលារៀនប្រកបដោយប្រសិទ្ធភាព
  3. ការពង្រឹងគុណភាពគ្រូបង្រៀន
  4. ការអប់រំឌីជីថល
  5. ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
  6. ការអភិវឌ្ឍជំនាញសតវត្សរ៍ទី២១សម្រាប់យុវជន
  7. ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា និង
  8. ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ។ សេចក្តីថ្លែងការណ៍នេះត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រកិច្ចប្រជុំកំពូល។

ជាលទ្ធផលនៃកិច្ចប្រជុំអគ្គលេខាធិការអង្គការសហប្រជាជាតិបានដាក់ចេញនូវចក្ខុវិស័យស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ (A Vision Statement on Transforming Education From the Secretary-General) រួមមាន៖

  1. ចក្ខុវិស័យសម្រាប់ការអប់រំសតវត្សរ៍ទី២១ ដោយផ្តោតលើសសរស្តម្ភ៤ គឺ រៀនដើម្បីរៀន រៀនដើម្បីរស់នៅជាមួយគ្នា រៀនដើម្បីធ្វើ និងរៀនដើម្បីរស់នៅប្រកបដោយសុភមង្គល និងភាពរីករាយ
  2. បរិវត្តកម្មប្រព័ន្ធអប់រំ ផ្តោតលើការប្រែក្លាយសាលារៀនជាមជ្ឈមណ្ឌលរៀនសូត្រប្រកបដោយសមធម៌ បរិយាបន្ន សុវត្ថិភាព សុខមាលភាព និងលើកកម្ពស់ការច្នៃប្រឌិត និងនវានុវត្តន៍ ការប្រែក្លាយគ្រូបង្រៀនជាភ្នាក់ងារផ្លាស់ប្តូរ និងការអប់រំឌីជីថល
  3. ហរិញ្ញប្បទានសម្រាប់បរិវត្តកម្មប្រព័ន្ធអប់រំ តាមរយៈការបង្កើនការវិនិយោគលើវិស័យអប់រំ និងការប្រើប្រាស់ធនធានប្រកបដោយសមធម៌ បរិយាបន្ន និងភាពស័ក្តិសិទ្ធិ
  4. ភាពជាអ្នកដឹកនាំសម្រាប់បរិវត្តកម្មប្រព័ន្ធអប់រំ និង
  5. ការប្តេជ្ញាចិត្តក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ៕

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ | ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
#TransformingEducation #TES2022 #UNGA #SDG4

 

 

ទាញយកឯកសារ

  • 1. TES_NSC_National_Commitment_Cambodia