1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. ផែនការ​គោល​នៃ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ ២០១៤-១០១៨
ផែនការ​គោល​នៃ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ ២០១៤-១០១៨

ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​វិនិយោគ​លើ​មូល​ធន​មនុស្ស​នៅ​ក្នុង​វិស័យ​អប់រំ ​ជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​​សម្រាប់​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព។ ការ​អប់រំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​សីលធម៌ ចំណេះដឹង បញ្ញា មនោគមវិជ្ជា វប្បធម៌ សង្គម វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ព្រម​ទាំង​គោលដៅ​ឯកភាព​ជាតិ    ប្រជាធិបតេយ្យ​ ការ​រីក​ចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល។

ទិន្នន័យ​អប់រំ​ដែល​មាន​លក្ខណៈ​ពិត​ប្រាកដ និង​ទាន់​ពេលវេលា​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធ្វើ​ផែនការ​អប់រំ ការ​ពិនិត្យ​តាមដាន ការ​វាយតម្លៃ និង​ការ​រៀបចំ​ថវិកា​ឱ្យ​មាន​ប្រសិទ្ធភាព និង​សម្រាប់​ការងារ​ដទៃៗ​ទៀត ​ដែល​មាន​អត្ថប្រយោជន៍​ដល់​កិច្ច​ដំណើរការ និង​វឌ្ឍនភាព​របស់​ប្រព័ន្ធ​អប់រំ​នៅ​តាម​កម្រិត​នីមួយៗ​របស់​រាជរដ្ឋាភិបាល។ ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សូចនាករ​អប់រំ​គឺ​ចាំបាច់​ត្រូវ​មាន​ការ​វាស់វែង អំពី​វឌ្ឍនភាព​ធៀប​ទៅ​នឹង​គោលដៅ​សំខាន់ៗ​សម្រាប់​ប្រព័ន្ធ​អប់រំ​របស់​យើង ដូច​ជា​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​ឆ្នាំ២០១៥  និង​ចំណុច​ដៅ​អប់រំ​សម្រាប់​ទាំងអស់​គ្នា។

វឌ្ឍន​ភាព​ឈាន​ឆ្ពោះ​ទៅ​រក​គោលដៅ​សម្រេច​ឱ្យ​បាន​នូវ​ព័ត៌មាន​ពិត​ប្រាកដ​​​ និង​ទាន់​ពេល​វេលា ​យើង​ចាំ​បាច់​ត្រូវ​មាន​ ផែនការ​គោល​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ​ឆ្នាំ ២០១៤​-​២០១៨ ។ ផែន​ការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ធានា​ថា​ការ​រៀបចំ​​ផែនការ​អប់រំ​របស់​កម្ពុជា​នឹង​ត្រូវ​ផ្ដល់​ដោយ​ទិន្នន័យ ពិតប្រាកដ គ្រប់គ្រាន់ និង​ទាន់​ពេលវេលា។  ផែនការ​គោល​នេះ​បាន​ផ្ដល់​នូវ​ផែនទី​ចង្អុល​ផ្លូវ​ដ៏​ទូលំទូលាយ​ដើម្បី​កែលម្អ​ទិន្នន័យ​អប់រំ​គ្រប់​ប្រភេទ លើ​ការ​ពិនិត្យ​តាមដាន និង​ការ​ធ្វើ​ផែនការ​​នៅ​តាម​ផ្នែក​មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ឧត្ដមសិក្សា​នៅ​ប្រទេស​កម្ពុជា។

ផែនការ​គោល​នេះ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ចក្ខុវិស័យ​ជាតិ តាម​បែប​ប្រជាធិបតេយ្យ​ដោយ​មាន​ការ​ចូលរួម ​ដែល​ក្នុង​នោះ​ប្រជាពលរដ្ឋ ​និង​​អង្គការ​សង្គម​ស៊ីវិល​ទទួល​បាន​នូវ​ព័ត៌មាន​ពី​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ​ដែល ​អាច​ដើរ​តួនាទី​យ៉ាងសកម្ម ក្នុង​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច។​

ផែន​ការ​គោល​ប្រព័ន្ធ​ព័ត៌មាន​​គ្រប់គ្រង​អប់រំ នឹង​គាំទ្រ​វត្ថុបំណង នៃ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ ២០១៤-២០១៨ និង​គោលនយោបាយ​ស្ដី​ពី​បច្ចេកវិទ្យា​ព័ត៌មាន ​និង​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ ឆ្នាំ២០០៩-២០១៣​។ ផែនការ​គោល​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ​នឹង ៖

  • ពង្រឹង​សមត្ថភាព​និង​ប្រព័ន្ធ សម្រាប់​ការវិភាគ ការ​ធ្វើ​ផែនការ ការ​ពិនិត្យ​តាមដាន ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វាយ​​តម្លៃ​នៅ​គ្រប់​កម្រិត
  • ពង្រឹង​សមត្ថភាព​និង​ប្រព័ន្ធ​ ដើម្បី​គ្រប់គ្រង​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព ​ភាព​ស័ក្ដិសិទ្ធិ និង​សមធម៌
  • គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន សារ​គមនាគមន៍ គ្រប់គ្រង​ព័ត៌មាន និង​គ្រប់គ្រង​រដ្ឋបាល​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពង្រឹង​សមត្ថភាព និង​ប្រព័ន្ធ​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​សវនកម្ម។

យើង​សង្ឃឹម​ថា តាមរយៈ​ការអនុវត្ត ផែនការ​គោល​នេះ ការ​ធ្វើ​ផែនការ​អប់រំ​នៅ​គ្រប់​កម្រិត នឹង​ត្រូវ​បាន​ពង្រឹង​នៅ​តាម​បណ្ដា​ឆ្នាំខាងមុខ។ ផែនការ​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារ​គ្រប់​រូប​តាមរយៈ​ការ​លើក​ឡើង​ពី​បញ្ហា​វិសម​ភាព​នានា និង​ការ​កែលំអ​ការ​ចូល​រៀន​ដើម្បី​ទទួល​បាន​ការ​អប់រំ ប្រកប​ដោយ​គុណភាព។

ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹង​ចូល​រួម​គាំទ្រ​ដល់​ការ   អនុវត្ត​ផែនការ​គោល​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ ២០១៤-២០១៨​​ ឱ្យ​ទទួល​បាន​ជោគជ័យ ។