1. Home
  2. /
  3. គោល​​នយោបាយ​ និងផែនការ​​​យុទ្ធសាស្រ្ត
  4. /
  5. ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ២០១៤-២០១៨
ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ២០១៤-២០១៨

រាជរដ្ឋាភិបាល ​កម្ពុជា​មាន​មហិច្ឆតា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពី​ប្រទេស ដែល​មាន​ចំណូល​មធ្យម​​កម្រិតទាប ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ហើយបន្ត​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​នៅ​ឆ្នាំ ២០៥០។ កំណើន​សេដ្ឋកិច្ច​និង​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន​និង​ពេល​ អនាគត​របស់​កម្ពុជា​ដើម្បី​សម្រេច​បាន​មហិច្ឆតា​នេះ គឺ​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ប្រជាជន​​ក្នុង​ការ​ក្រេប​យក​ចំណេះដឹង សមស្រប និង​ជំនាញ​ពាក់ព័ន្ធ​​ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​មរតក​ វប្បធម៌​និង​សីលធម៌​របស់​ប្រទេស​ជាតិ។វិស័យ​អប់រំ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម ​​​ចំណែក​​ដល់​ការ​​អភិវឌ្ឍ​ជាតិ។ កុមារ​យុវជន​និង​មនុស្ស​ពេញវ័យ​ត្រូវ​ទទួល​បាន​ការ​សិក្សា​និង​ការ​អប់រំ​ពេញ​មួយ​ជីវិត ​​ ដែល​មាន​ភាព​​ពាក់ព័ន្ធ​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ ការងារ​ប្រកប​ដោយ​គុណភាព​ខ្ពស់។ ការ​អប់រំ​​ត្រូវ​ផ្ដោត​លើ​ការ​កសាង​ជំនាញ​ និង​ការ​ផ្ដល់​ឱកាស​ដល់​សិស្ស​​ និស្សិត​គ្រប់​រូប​ក្នុង​ការ​ទទួល​បាន​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ឯកទេស​ផ្សេងៗ ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ពេញ​លេញ​​ ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​និង​​គ្រប់​ទីតាំង​ភូមិសាស្ត្រ។

ផែនការ ​​យុទ្ធសាស្ត្រ​វិស័យ​អប់រំ២០១៤-២០១៨ ត្រូវ​បាន​រៀបរៀង​ឡើង ​​ដើម្បី​ឆ្លើយ​​តប​ទៅ​​នឹង​តម្រូវ​ការ​ទាំង​នេះ​និង​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ ច្បាស់​លាស់​នូវ​ទំនាក់​ទំនង​​រវាង​គោល​នយោបាយ​ជាតិ​និង​គោលនយោបាយ​វិស័យ​អប់រំ។ ផែនការ​នេះ​បង្ហាញ​ពី​ទំនាក់​ទំនង​ពិត​ប្រាកដ ​រវាង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​កម្មវិធី សកម្មភាព ព្រមទាំង​​ធនធាន​មនុស្ស​និង​​ហិរញ្ញវត្ថុ។បទប្បញ្ញត្តិ​ នានា​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ពិនិត្យ​តាមដាន​និង​វាយតម្លៃ រួមផ្សំ​នឹង​យន្តការ​សម្រាប់​ផ្ដល់​​ព័ត៌មាន​ត្រឡប់​និង​ កែ​តម្រូវ​ប្រសិន​បើ​ចាំបាច់។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​ផ្ដល់​​ អាទិភាព​ខ្ពស់​​ដល់​​​ការ​ផ្ដល់​សេវា​អប់រំ​មូលដ្ឋាន​​ប្រកប​ដោយ​ សមធម៌ និង​មាន​គុណភាព​ខ្ពស់​។ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ អប់រំ២០១៤-២០១៨ក៏ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​លើ​ការ​ពង្រីក​​ការ​​អប់​ ​រំ​កុមារ​តូច​ ការ​បង្កើន​លទ្ធភាព​​ទទួល​បាន​ការ​អប់រំ​នៅ​កម្រិត​មធ្យម​សិក្សា និង​ក្រោយ​មធ្យម​សិក្សា​ប្រកប​ដោយ​គុណភាព ព្រម​ទាំង​ការ​ពង្រីក​ការងារ​​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ការអប់រំ​បច្ចេកទេស។ វិធានការ​ជាក់​លាក់​មួយ​ចំនួន​នឹង​ត្រូវ​យក​មក​អនុវត្ត​ដើម្បី​ធានា​បាន​នូវ​ការ​ អប់រំ​សម្រាប់​​កុមារ និង​យុវជន​ដែល​បាត់​​បង់​ឱកាស។ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ត្រូវ​បាន​រៀបចំ​តាម​អនុ​វិស័យ​សំខាន់ៗ​ចំនួន​​ ប្រាំពីរ​ដែល​រួមមាន ការ​អប់រំ​កុមារ​តូច ការ​អប់រំ​បឋម​សិក្សា ការ​អប់រំ​មធ្យម​សិក្សា និង​អប់រំ​បច្ចេកទេស​ការ​អប់រំ​ឧត្ដមសិក្សា​ការ​អប់រំ​ក្រៅ​ ប្រព័ន្ធ​ការ​អភិវឌ្ឍ​យុវជន និង​ការ​អប់រំកាយ និង​កីឡា ដើម្បី​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បំពេញ​ការងារ​គណនេយ្យ​ភាព​និង​ លទ្ធផល​ច្បាស់​លាស់ ។

នៅ​ក្នុង​បរិបទ​នៃ​វិមជ្ឈការ​ ការ​ផ្ដល់​ធនធាន និង​យន្តការ​សមស្រប ​ដើម្បី​តម្លាភាព​ការ​ងារ​ដល់​​​​ប្រព័ន្ធ​អប់​រំ គឺ​​ជា​​កត្តា​សំខាន់​ក្នុង​ការ​លើក​កម្ពស់​លទ្ធផល និង​បច្ច័យ​នៃ​សកម្មភាព​អប់រំ។ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ២០១៤-២០១៨ បាន​រួម​បញ្ចូល​ទាំង​វិធានការ​កែ​លម្អ​ការ​គ្រប់​គ្រង​ថវិកា ឱ្យ​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​លទ្ធផល និង​ធន​ធាន​ហិរញ្ញវត្ថុ។ ការ​អនុវត្ត ​ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូ​បង្រៀន​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​នៅ​ គ្រប់​កម្រិត ​ដើម្បី​អនុវត្ត​ការងារ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ធៀប​នឹង​ស្តង់ដារ​ច្បាស់លាស់ នឹង​​នាំ​​មក​នូវ​អភិបាល​កិច្ច​ល្អ​។  ដើម្បី​គាំ​ទ្រ​ដល់​ការងារ​នេះ​ក្រសួង នឹង​​បន្ត​អនុវត្ត​ការ​ ពង្រឹង​ភាព​ជា​ដៃ​គូ​រវាង​រាជរដ្ឋាភិបាល ​សហគមន៍​មាតា​បិតា​សិស្ស ដៃ​គូ​អភិវឌ្ឍ វិស័យ​ឯកជន និង​​បណ្ដា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ទៀត ។

ផែនការ​ យុទ្ធស្ម័គ្រ​វិស័យ​អប់រំ២០១៤-២០១៨ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​បរិបទ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទំនួល​ខុស​ត្រូវ​របស់​វិស័យ​ រួម​ជា​មួយ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​លើ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ក្នុង​ពេល​កន្លង​មក។ ក្រុម​ការងារ​​បាន​ដឹកនាំ​ដំណើរ​ការ​នៃ​ការ​រៀបចំ​ផែនការ​នេះ​យ៉ាង​ហ្មត់ចត់ និង​បាន​​រៀបចំ​ការ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​យ៉ាង​ទូលំទូលាយ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន។

ក្រសួង​អប់រំ​ យុវជន និង​កីឡា សូម​សម្ដែង​នូវ​ការ​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​​​ចំពោះ​​មន្ត្រី​អប់រំ​ គ្រប់​លំដាប់​ថ្នាក់​ដែល​កន្លងមក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជម្នះ​ រាល់​ការ​លំបាក​នានា និង​បាន​ចូល​រួម​ចំណែក​យ៉ាង​​ពេញលេញ ដើម្បី​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​វិស័យ​អប់រំ។ ខ្ញុំ​ក៏​សូម​ថ្លែង​​អំណរគុណ​ផង​ដែរ​ដល់​​ ដៃ​គូ​អភិវឌ្ឍ​ទាំងអស់​ដែល​តែង​តែ​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្ពុជា។