រាជធានីភ្នំពេញ៖ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីការរៀបចំកិច្ចតែងការបង្រៀនសម្រាប់ការសិក្សាពីចម្ងាយ ក្រោមកិច្ចសហការរវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងអង្គការយូណេស្កូភ្នំពេញ ឧបត្ថម្ភដោយគម្រោង បង្កើនការទទួលបានអប់រំកម្រិតមូលដ្ឋានសម្រាប់កុមារក្រៅសាលា (CLMV)។
សិក្ខាសាលាបង្កើតឡើងក្នុងគោលបំណង៖
សិក្ខាសាលាស្ដីពី ការរៀបចំកិច្ចតែងការបង្រៀនសម្រាប់ការសិក្សាពីចម្ងាយ
- ណែនាំអំពីវិធីសាស្ត្របង្រៀន និងការរៀបចំកិច្ចតែងការបង្រៀន ដើម្បីគាំទ្រដល់ការសិក្សាពីចម្ងាយ
- ណែនាំពីដំណើរការ នៃការផលិតវីដេអូសម្រាប់ការសិក្សាលើមាតិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (eLearning)
- កិច្ចពិភាក្សាលើការបង្កើតកិច្ចតែងការបង្រៀន និងសម្រាប់ឧបទេសជំនួយដល់ការបង្រៀន។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបានថ្លែងអំណរគុណដល់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ។ ឯកឧត្តមបានលើកឡើងថា ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានខិតខំរៀបចំមាតិកាអប់រំនានាសម្រាប់ការរៀនតាមអនឡាញ និងការសិក្សាពីចម្ងាយរបស់កម្មវិធីអប់រំក្នុងប្រព័ន្ធគ្រប់កម្រិតរួចហើយ ដែលមានចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ ដោយឡែកកម្មវិធីអប់រំក្រៅប្រព័ន្ធមានតែកម្មវិធីអក្ខរកម្មប៉ុណ្ណោះ ដែលបានរៀបចំវីដេអូសិក្សាពីចម្ងាយ ហើយពេលនេះ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ GNI នាយកដ្ឋានទាំងពីរ បាននឹងកំពុងសហការរៀបចំថតវីដេអូបង្រៀនពីចម្ងាយសម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធជាបន្តទៀត។សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាឯកឧត្ដមបានបន្ថែមទៀតថា ការបង្រៀនតាមអនឡាញ គឺជាបរិបទថ្មីមួយដែលអាចទាក់ទាញសិស្សឱ្យរៀនបន្ថែម ហើយគោលបំណងនៃការបង្រៀនតាមអនឡាញនេះ គឺជាការទាក់ទាញសិស្សដែលបោះបង់ការសិក្សាឱ្យចូលរៀនកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ដើម្បីបន្តពីកម្មវិធីសិក្សាប៊ីបដែលមានរួចហើយ។ ជាចុងក្រោយឯកឧត្តម បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលជាសិក្ខាកាមចូលរួម ឱ្យខិតខំ រិះរកវិធីសាស្រ្ត និងបច្ចេកទេសយ៉ាងណា ដើម្បីឱ្យវីដេអូបង្រៀនពីចម្ងាយនេះ មានភាពទាក់ទាញ គុណភាព និងប្រសិទ្ធភាពខ្ពស់ពីអ្នកសិក្សា។
សូមជម្រាបថា ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ការបណ្ដុះបណ្ដាលកម្មវិធីអប់រំក្រៅប្រព័ន្ធមានកម្មវិធីដូចជា កម្មវិធីអក្ខរកម្ម កម្មវិធីក្រោយអក្ខរកម្ម កម្មវិធីចូលរៀនឡើងវិញ កម្មវិធីបង្កើនប្រាក់ចំណូល (បង្រៀនជំនាញមុខរបរងាយៗនៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍) កម្មវិធីសមមូល កម្មវិធីបំពេញវិជ្ជា និងកម្មវិធីកែលម្អគុណភាពនៃជីវិត។
- ២៧ តុលា ២០២០
- សាលប្រជុំនាយកដ្ឋានបឋមសិក្សា